(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ដើម្បីពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ។
កិច្ចប្រជុំនេះក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសមួយចំនួនផងដែរ។
នីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរ នឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការ ដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។
បច្ចុប្បន្ននេះក្រុមការងារជំនាញនៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាមួយនេះឡើង។ កម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្ត ខុសច្បាប់ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម។
ថ្លែងក្នុងប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ ផ្ដល់ធាតុចូលសំខាន់ៗ ដើម្បីកែសម្រួលនីតិវិធីអនុវត្ត ការកាត់ពិន្ទុលើបណ្ណបើកបរនេះ កាន់តែប្រសើរឡើង ដើម្បីឈានដល់ការធ្វើបទបង្ហាញជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែង។
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានប្តេជ្ញាត្រៀមសហការ និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញ បច្ចេកទេស ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះ ឱ្យបានជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសម្តែងនូវការកោតសរសើរ និងគាំទ្រដោយស្មោះចំពោះ គំនិតផ្តួចផ្តើមនេះ ដែលជាការឆ្លុះបញ្ចាំងនូវមោទនភាពរបស់ជាតិយ៉ាងពិតប្រាកដ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាពទៅដល់គ្រប់ស្រទាប់មហាជនទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ យានយន្តគ្រប់ប្រភេទ គ្រឹះស្ថានអប់រំ តាមមូលដ្ឋានគ្រប់ស្ថាប័នគ្រប់គ្រងរបស់រដ្ឋនិងឯកជន អំពីនីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃ។
គួរកត់សម្គាល់ផងដែរថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយ ទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕