(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើស៊ុយអែត ជួយជំរុញក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-ស៊ុយអែត ក៏ដូចជាជួយអភិវឌ្ឍកម្ពុជាផងដែរ។
សំណើររបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសទទួលជួប BJÖRN HÄGGMARK ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលា ខណៈលោកឯកអគ្គរាជទូតបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរជូនចំពោះបេសកកម្មការងាររបស់លោកឯកអគ្គរាជទូតនៅកម្ពុជា និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម អប់រំ ការកសាងសមត្ថភាពមន្រ្តីរាជការ និងការគាំទ្រភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នៅកម្ពុជា។
ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីផងដែរ។ ក្នុងនោះលោករដ្ឋមន្ត្រី បានជម្រាបលោកឯកអគ្គរាជទូត អំពីគោលជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យដោយអនុលោមតាមបទដ្ឋានអន្តរជាតិ និងមានការគិតគូរដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។
លោករដ្ឋមន្ត្រី បានសំណូមពរឯកអគ្គរាជទូត ឱ្យជម្រាបជូនថា្នក់ដឹកនាំរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប អំពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងខឿនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។
ភាគីកម្ពុជា ក៏បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទបញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោគិនបរទេសនៅកម្ពុជា។
លោកឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ផងដែរ នូវសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើបា្រស់ថាមពលដែលអាចកកើតឡើងវិញ។ លោកទូតជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត។
គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣លានដុល្លារអាមេរិក៕