(ភ្នំពេញ)៖ ក្រោយពីបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានទទួលសេចក្តីទុកចិត្ត និងការឧទ្ទេសនាមបន្ថែមពី គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីចូលរួមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកចំនួនបី នៃខេត្តកណ្ដាល។ នេះបើតាមការផ្សព្វផ្សាយរបស់គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
ក្នុងលិខិតដដែលបានបង្ហាញឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន៣៦០នាក់ ក្នុងនោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក ចំនួន១៧០នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន១៤០នាក់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ ចំនួន៥០នាក់ នឹងចុះបំពេញបេសកកម្ម នៅក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល និងស្រុកកោះធំ នៃខេត្តកណ្ដាល ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
គួររំលឹកដែរថា តាមរយៈការផ្សព្វផ្សាយលើទំព័រផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាហ្វេកបុកផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងពីរកន្លងមក បានបង្ហាញឲ្យដឹងថា សមាជិក សមាជិកា ជាគ្រូពេទ្យស្ម័គ្រចិត្តនៃក្រុមទាំងពីរ ធ្លាប់បានឈរជើងនៅតាមគោលដៅសំខាន់ផ្សេងៗ រួមមានទីតាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដូចជា៖ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ជាដើម។
យោងតាមរបាយការណ៍ចាក់វ៉ាក់សាំងកូវីដ ១៩ ដែលរៀបចំដោយក្រសួងសុខាភិបាល បានបង្ហាញឲ្យឃើញថា អ្នកទទួលបានការចាក់វ៉ាក់សាំងមាន ចំនួន៣០%ហើយ បើធៀបទៅនឹងគោលដៅចំនួន១០លាននាក់ ដោយលទ្ធផលនេះគិតចាប់ពីថ្ងៃចាប់ផ្ដើមយុទ្ធនាការដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
ទន្ទឹមនេះ ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំង នឹងបន្តធ្វើឡើងជាបន្តបន្ទាប់ ដើម្បីឲ្យស្របតាមផែនការយុទ្ធសា្រស្តផ្ការីក ដែលនឹងចាក់តាមទីតាំង ឬតំបន់ណាមួយដែលទទួលរងហានិភ័យខ្ពស់ ហើយបន្តចាក់ទៅតាមតំបន់សំខាន់ផ្សេងៗទៀត ដែលជាកន្លែងប្រមូលផ្ដុំ៕