(កណ្ដាល)៖ ថ្លែងក្នុងឱកាសប្រគល់ថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនជនទី៣លាន នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានអះអាងថា ល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា លឿនជាងការរំពឹងទុក។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមចំនួន ដែលគ្រោងទុកនោះ អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ឬត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ខណៈការគ្រោងកាលពីពេលកន្លងទៅ នឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២២ឯណោះ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា មូលហេតុដែលនាំឲ្យល្បឿននៃការចាក់វ៉ាក់សាំងនេះ លឿនជាងការរំពឹងទុក គឺដោយសារចំនួនវ៉ាក់សាំងដែលកម្ពុជា បញ្ជាទិញពីប្រទេសចិន និងជំនួយរបស់មហាមិត្តចិន បញ្ជូនមកលឿនជាបន្ដបន្ទាប់។ លោកស្រីបន្ថែមថា សម្រាប់កងកម្លាំងគ្រូពេទ្យទាំងស៉ីវិល និងយោធា ត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីចាក់ជូនពលរដ្ឋឲ្យបានគ្រប់ចំនួន។
ប្រធានគណៈកម្មការចំពោះកិច្ចរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ការចាក់វ៉ាក់សាំងកូវីដ១៩របស់យើង ដែលសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដាក់ផែនការច្បាស់លាស់ដើម្បីសម្ដៅទៅចាក់ដល់គោលដៅអ្នកដែលត្រូវចាក់អាយុ១៨ឆ្នាំឡើង ១០លានដូសនេះ នឹងអាចធ្វើទៅបាន អាចនឹងចប់បាននៅក្នុងឆ្នាំនេះ ឬយ៉ាងយូរបំផុតត្រឹមត្រីមាសទី១ ឆ្នាំ២០២២មុនផែនការកំណត់ ព្រោះយើងធ្វើផែនការរំពឹងថា អាចទៅដល់ពាក់កណ្ដាលឆ្នាំ២០២២ ឬអាចលើនេះបន្ដិចបន្ទួចផង»។
ទន្ទឹមនឹងអ្វីដែលកំពុងវិវឌ្ឍន៍ទៅរកភាពឆាប់រហ័ស នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ លោកស្រី ឱ វណ្ណឌីន ក៏បានបង្ហាញនូវការព្រួយបារម្ភ ពីការស្ដុកទុកវ៉ាក់សាំងដែលកំពុងមានផងដែរ ដោយត្រូវតែទាមទារឲ្យមានការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ក្នុងករណីវ៉ាក់សាំងមកច្រើន ប៉ុន្ដែការទុកដាក់មិនបានល្អ ក៏មិនត្រូវយកមកច្រើនពេកដែរ។
ប៉ុន្ដែលោកស្រីគូសបញ្ជាក់ថា អ្វីដែលសំខាន់នៅពេលនេះ លោកស្រីអះអាងថា វ៉ាក់សាំងមកដល់កាន់តែច្រើន កាន់តែល្អ ដើម្បីប្រើប្រាស់កម្លាំងសរុបឲ្យអស់ពីលទ្ធភាព ព្រោះបច្ចុប្បន្នកម្លាំងជំរុញការចាក់វ៉ាក់សាំងដែលកំពុងបំពេញការងារនេះ មិនទាន់បញ្ចេញអស់នៅឡើយទេ។ លោកស្រីគិតថា ប្រសិនបើអាចប្រើប្រាស់កម្លាំងសរុបឲ្យអស់លទ្ធភាព ល្បឿននៃការចាក់វ៉ាក់សាំងជូនពលរដ្ឋ គឺកាន់តែលឿន។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានរហូតដល់ជាង៣លាននាក់។
គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩៕