(ភំ្នពេញ)៖ លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់ច្បាប់ និងបទបញ្ញត្តិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទូតបានបង្ហាញនូវការពេញចិត្តនេះ ក្នុងជំនួបពិភាក្សាការងារ និងជម្រាបលាលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបេសកកម្មការទូតដ៏មានតម្លៃរបស់លោកស្រីនៅកម្ពុជារយៈពេលប្រមាណជា៤ឆ្នាំកន្លងទៅនេះ ក្នុងកិច្ចការពង្រឹង និងលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-បារាំង គាំទ្រវិស័យធុរកិច្ច និងបានជំរុញឱ្យមានការវិនិយោគពីបារាំងមកកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ចំពោះការបន្តផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា តាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) សម្រាប់ស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ បន្ថែមពីនេះទៀត លោក ប៉ាន សូរស័ក្តិ បានបង្ហាញពីការត្រៀមខ្លួចរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យសក្តានុពល រួមមាន៖ ការកែច្នៃចំណីអាហារ ផលិតផលកសិកម្ម (ផ្លែឈើស្រស់) និងក្នុងវិស័យទេសចរណ៍ ដែលកត្តាទាំងនេះនឹងចូលរួមចំណែកទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិកូវីដ-១៩។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណជាពិសេសជូនចំពោះរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា សម្រាប់ការជួយគាំទ្រលើគំនិតផ្តួចផ្តើម និងបេសកកម្មនានារបស់ស្ថានទូតបារាំងនៅកម្ពុជា។ លោកស្រី ក៏បានឆ្លៀតឱកាសអបអរសាទរចំពោះការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) និងការធ្វើជាប្រធានឆ្លាស់វេនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នាពេលខាងមុខ ដែលព្រឹត្តិការណ៍ទាំងនេះនឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបារាំង ក្នុងក្របខណ្ឌទ្វេភាគីនិងតំបន់ បន្ថែមមួយកម្រិតទៀត។
សូមបញ្ជាក់ថា ថ្វីត្បិតតែទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ បារាំងនៅតែបន្តជាទីផ្សារនាំចេញទំនិញដ៏សំខាន់មួយរបស់កម្ពុជា ដែលក្នុងនោះទំហំពាណិជ្ជកម្មកម្ពុជា-បារាំងនៅឆ្នាំ២០២០ សម្រេចបានចំនួន ៤៥៦លានដុល្លារអាមេរិក និងគិតត្រឹមខែមេសា ឆ្នាំ២០២១ មានចំនួន ១៥៧លានដុល្លារអាមេរិក៕