(ភ្នំពេញ)៖ តុលាការកំពូល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ បានសម្រេចច្រានចោល សំណើរបស់អ្នកភូមិបឹងកក់ ១៣នាក់ ដែលសុំឱ្យលើកលែងការចោទប្រកាន់ លើពួកគេ។ សាលដីការបស់តុលាការកំពូលនេះ គឺរក្សាសាលដីកាសាលាឧទ្ធរណ៍ និងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។
សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ កាលពីអំឡុងឆ្នាំ២០១២ បានកាត់ទោសឱ្យអ្នកភូមិបឹងកក់ ១៣នាក់ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ២ឆ្នាំកន្លះ បន្ទាប់ពីអ្នកបឹងកក់ទាំងនោះប្រមូលផ្តុំគ្នា ធ្វើសន្និសីទកាសែត និងរារាំងដល់អាជ្ញាធរដែលសម្រួលដល់ការ វិនិយោគរបស់ក្រុមហ៊ុនស៊ូកាកូអ៊ីន នៅតំបន់បឹងកក់។
តុលាការបានចោទអ្នកបឹងកក់ទាំង១៣នាក់ ចំនួន៣ករណី រួមមាន ១.ត្រៀមកាន់កាប់ដីបុគ្គលសាធារណៈ ២.ជេរប្រមាថប្រឆាំងនឹងមន្រ្តីសាធារណៈ និងទី៣.ប្រើអំពើហិង្សាគប់ដុំថ្មទៅលើ មន្រ្តីសាធារណៈ៕