(ភ្នំពេញ)៖ ថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងអំណោយជាច្រើនផ្សេងទៀត ត្រូវបានប្រគល់ជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ទី៣លាន នៅខេត្តកណ្ដាល។
ថវិកា និងអំណោយទាំងអស់នេះ ត្រូវបានលោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល យកទៅប្រគល់ជូនលោកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ។
សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃ១៤ ខែមិថុនា ២០២១ កម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានជាង៣លាននាក់។ ក្នុងនោះបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺលោកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ថា កម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន៣០ភាគរយ នៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់។
សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវថវិការង្វាន់ជូនបុគ្គលទី១លាន ដែលបានចាក់វ៉ាក់ផងដែរ។ ក្រោយមកនៅថ្ងៃទី១៤ ខែឧសភា សម្ដេចក៏បានផ្ដល់ថវិកាដូចគ្នានេះ ជូនបុគ្គលទី២លានរួចហើយដែរ៕