(ភ្នំពេញ)៖ ការនាំយកនូវបច្ចេកវិទ្យា បង្កកំណើតទំនើប ចុងក្រោយរបស់ពិភពលោក គឺ ការបង្កកំណើតកូនក្នុងកែវ មកកម្ពុជា បានជួយឲ្យប្រជាពលរដ្ឋជាច្រើន ឲ្យមានកូនដូចបំណង។ ពោលរយៈពេលជាង១ឆ្នាំ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ខែមករា ឆ្នាំ២០១៦ មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលមានសេវាជួយបង្កកំណើត កូនក្នុងកែវដំបូងគេបង្អស់នៅកម្ពុជានោះ បានជួយឲ្យស្ត្រី១៨៧នាក់ មានក្តីសង្ឃឹម គ្រួសារពេញលេញនិងដោះស្រាយបញ្ហាក្នុងគ្រួសារ ដែលកើតចេញពីការលំបាក មានកូនឲ្យមានកូនដូចបំណងប្រាថ្នា។
យោងតាមលទ្ធផលផ្លូវការ របស់មន្ទីរសម្រាកព្យាបាលកម្ពុជា បានឲ្យដឹងថា ចាប់ពីខែវិច្ឆិកាឆ្នាំ២០១៤ ដល់ខែមករា ឆ្នាំ២០១៦នេះ មានប្រជាជនកម្ពុជាចំនួន៣០១នាក់ ដែលពិបាកមាន កូនកម្រិតមធ្យម និងធ្ងន់ធ្ងរ បានមកទទួលយកសេវាបង្កកំណើតកូនក្នុងកែវ ជាលទ្ធផលស្ត្រី១៨៧នាក់ ស្មើនឹង៦២% មានផ្ទៃពោះ ក្នុងនោះ១០៣នាក់មានកូនមួយស្មើនឹង៥៥%, ៥៩នាក់ មានកូនភ្លោះស្មើនឹង៣១% ខណៈមាន២៥នាក់ បានរលូតកូនទៅវិញ ស្មើនឹង១៣%។
លោក ហោ សំណាង ស្ថាបនិក និងជានាយកគ្រប់គ្រងទូទៅមន្ទីរសម្រាកព្យាបាលកម្ពុជា បានបញ្ជាក់ប្រាប់ Fresh News ថាអត្រាជោគជ័យយើងទទួលបាននេះ ស្មើគ្នាទៅនឹងបណ្តាប្រទេសអភិវឌ្ឍន៍ នៅលើពិភពលោក ដូចជាអាមេរិក និងអឺរ៉ុបជាដើម។
នាយកគ្រប់គ្រងរូបនេះ បញ្ជាក់ទៀតថា ការសម្រេចបានជោគជ័យ ក្នុងការសាងសង់ឡាបូបង្កកំណើត ដែលមានលក្ខណៈស្តង់ដារ និងគុណភាពកម្រតិអន្តរជាតិនេះ ដោយសារតែការមើលឃើញនូវឱកាស និងចង់ចូលរួមចំណែកផ្តល់នូវប្រយោជន៍ដ៏ធំសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ដែលបង្កអោយមានបញ្ហាក្នុងសង្គមគ្រួសារ ហើយជួបការលំបាកជាច្រើនពេលធ្វើដំណើរទៅព្យាបាលនៅបរទេស។
លោកបញ្ជាក់ទៀតថា នៅពេលចាប់ផ្តើមដំបូង បើទោះបីជាសេវានេះថ្មីស្រឡាងសម្រាប់កម្ពុជា តែលោកបានធ្វើប្តេជ្ញាចិត្តខ្ពស់ ដោយគិតថា «ប្រសិនបើខ្ញុំបរាជ័យ គឺបរាជ័យតែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែបើខ្ញុំជោគជ័យ ខ្ញុំនឹងអាចលើកស្ទួយមុខមាត់ ប្រទេសកម្ពុជាលើវិស័យនេះ ក៏ដូចជាជួយដល់គ្រួសារមានវិបត្តិ និងជួបបញ្ហាលំបាកមានកូន អោយមានកូនដូចបំណង»។
ជាមួយគ្នានេះ លោក ហោ សំណាង បន្ថែមទស្សនៈផ្ទាល់ខ្លួនថា «ជាការពិត ការធ្វើអាជីវកម្មរមែនចង់ចំណេញប្រាក់ តែយើងក៏ត្រូវឲ្យអតិថិជនយើងនិងសង្គមជាតិចំណេញដែរ បន្ទាប់ពីពួកគាត់ទទួលសេវាកម្មពីយើង។ មួយវិញទៀត ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលបាន និងកំពុងបោះទុនវិនិយោគក្នុងវិស័យសុខាភិបាល សូមបន្តស្វែងរកនូវអ្វីដែលថ្មី និងល្អសម្រាប់ខ្លួនឯង ប្រជាជន និងជាមុខមាត់សម្រាប់សង្គមជាតិទាំងមូលផងដែរ»៕