(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ បានប្រារព្ធពិធីមហាសន្និបាតសហព័ន្ធកីឡា បាល់ទាត់កម្ពុជា លើកទី១០ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ដែរថា វិស័យកីឡាបាល់ទាត់កម្ពុជា បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ហើយក៏មានការរីកចម្រើនយ៉ាងលឿន ក្រោមការដឹកនាំរបស់លោក សៅ សុខា និងក្រោមការដឹកនាំរបស់គ្រូបង្វឹក ជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon ដែលជួយកម្ពុជា ទប់ទល់នឹងក្រុមខ្លាំងប្រចាំទ្វីបអាស៊ីសាម៉ូរៃជប៉ុន ស៊ុតបញ្ចូលទីមិនលើសពី៤គ្រាប់ផងដែរ។ ក្នុងពិធីសន្និបាតប្រចាំឆ្នាំ២០១៦នោះដែរ ក៏មានការបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិថ្មី ដោយមានលោក ហ៊ុន សាមុត និងលោក ជួន ណារិន្ទ ផុតអាណត្តិ។
សម្រេចជាលទ្ធផល លោក ហ៊ុន សាមុត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្តជាប់ឈ្មោះជាសមាជិក ប្រតិបត្តិថ្មីដដែល ក្រោមសំឡេងគាំទ្រ ២៥ គ្រាដែលលោក ប៉ុន សុខ មាន២៤សំឡេង ក្នុងចំណោមសមាជិក៣៥រូប ចូលរួមបោះឆ្នោត និងមាន៤សន្លឹកឆ្នោត មិនបានការ ដោយមាន៨បេក្ខជនបានឈរឈ្មោះបោះឆ្នោត ៕