(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២១។
សម្រាប់របៀបវារៈនៃកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ រួមមាន៖
ទី១៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមអនុម័តឯកសារទស្សនទានចំនួន៤ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។
ទី២៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្តេចពិជ័យសេនា នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ។ ក្នុងពេលនោះ សម្តេចពិជ័យសេនា នឹងចូលរួមអនុម័តសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។
ទី៣៖ ស្របគ្នានឹងកិច្ចប្រជុំនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន។ ក្នុងកិច្ចប្រជុំនេះសម្តេចពិជ័យសេនា ទៀបាញ់ នឹងផ្លាស់ប្តូរទស្សនៈស្តីពីសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិផងដែរ៕