(ភ្នំពេញ)៖ ក្រុមកីឡាបាល់ទាត់កម្ពុជា Cambodia All Stars នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិករបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ មកពីប្រទេសឡាវ Lao All Stars ក្រោមការឧបត្ថម្ភពីការស្រាបៀរកម្ពុជា ក្នុងជំនួបមិត្តភាពលក្ខណៈអន្តរជាតិ ហើយក៏ដើម្បីអបអរ សាទរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផងដែរ ។
ការជួបគ្នាលើកទី១ រវាង Cambodia All Stars និង Lao All Stars នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាផ្ទាល់តែម្តង នាវេលាម៉ោង ៦៖៣០នាទីល្ងាច ជាទីដែល Cambodia All Stars បានយកឈ្នះក្រុមខ្លាំង Muangthong United និង Buriram United មកពីថៃកាលពីក្នុងខែមករា ឆ្នាំ២០១៦ ក្នុងជំនួបរឹតចំណងការទូតដូចគ្នាដែលមាន អ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករជិត៦ម៉ឹននាក់ ពោលគឺពេញស្តាតតែម្តង ។
ក្នុងការប្រកួតលើកទី៣របស់ Cambodia All Stars នាល្ងាចថ្ងៃទី១៨ មីនា ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិត ថងលួន ស៊ីស៊ូលីត (Thongloun SISOULITH) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ ថែមទៀតផង នេះបើយោងតាមលោក ជុំ សុន្ទរ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ៕