(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមិថុនានេះថា នៅចុងសប្តាហ៍ទី២នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៧០,៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ ៧០,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៧៥៤ នាក់។
គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន៖
* រាជធានីភ្នំពេញ៖ ១៤, ៣៧៨ នាក់
* ខេត្តកំពង់ស្ពឺ ៖ ១០,៥១៥ នាក់
* ខេត្តកំពត៖ ៧,៨៤៩ នាក់
* ខេត្តព្រះសីហនុ៖ ៧,០៧៩ នាក់
* ខេត្តបាត់ដំបង ៖ ៦,៧៩៤ នាក់
* ខេត្តកណ្តាល៖ ៤,២០៨ នាក់
លោករដ្ឋមន្ត្រីបន្តថា ចំនួននេះមានការថយចុះប្រមាណ ៩.៥៩% ធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩%។ ការកើនឡើងនៃជំងឺកូវីដ-១៩ នៅតាមតំបន់ខ្លះៗនៃរាជធានីខេត្តមួយចំនួន បានធ្វើឲ្យមានការថយចុះនៃចំនួនភ្ញៀវទេសចរ ធៀបនឹងក្នុងសប្តាហ៍កន្លងមក ហើយគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «៣ កុំ» និង «៣ ការពារ»។
លោករដ្ឋមន្ត្រីបន្ថែមថា ដោយឡែកសម្រាប់តំបន់ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅដែលមានភាពទាក់ទាញ និងទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង៕