(ភ្នំពេញ)៖ លោក គង់ គាំ ដែលជាអ្នកនយោបាយជើងចាស់ ហើយជាអតីតប្រធានគណបក្សសមរង្ស៉ី បានចាត់ទុកថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិក មកលើរដ្ឋាភិបាលកម្ពុជាថា «មានមូលដ្ឋានទ័ពរបស់ចិននៅរាម» គ្រាន់តែជា «ល្បែងចោទឆ្កែជាថាឆ្កួត ដើម្បីប្រហារឆ្កែតែប៉ុណ្ណោះ» ដែលករណីនេះ ធ្លាប់កើតឡើងរួចទៅហើយ នៅប្រទេសអ៉ីរ៉ាក់ដែលមុនវាយប្រហារពេលនោះ សហរដ្ឋអាមេរិកបានចោទអ៉ីរ៉ាក់ថា «លួចលាក់ផលិតអាវុធបរិមាណូ»។
ក្នុងសំណេរមួយនៅលើបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានរិះគន់សហរដ្ឋអាមេរិកអំពីការប្រើលេសចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀតថា «អនុញ្ញាតឱ្យចិនតាំងមូលដ្ឋានទ័ព» និងការវាយកម្ទេចអគារមួយដែលជាជំនួយរបស់ខ្លួននៅទីបញ្ជាការដ្ឋានសន្តិសុខលំហរសមុទ្រ ដែលមានទីតាំងនៅតំបន់រាម រហូតដល់ចង់ធ្វើអធិការកិច្ចនៅតំបន់យោធាកម្ពុជា។
លោកលើកឡើងដូច្នេះថា៖ «ហួសពីបំណងដើម ដែលគ្រាន់តែចង់ឱ្យកម្ពុជាផ្តល់ព័ត៌មាន និងហេតុផលអំពីការរុះរើអាគារជំនួយសហរដ្ឋអាមេរិកចេញ ហើយអនុញ្ញាតឱ្យប្រទេសចិនជួយអភិវឌ្ឍមូលដ្ឋានផែសមុទ្ររាម ដែលកម្ពុជា (ក្រសួងការពារជាតិ) បានយកចិត្តទុកដាក់បញ្ជាក់ហេតុផល និងបានបើកឱ្យអ្នកសារព័ត៌មាន ពិសេសអនុព័ន្ធយោធាអមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាធ្វើទស្សនកិច្ចតាមសំណូមពរចប់សព្វគ្រប់ ស្រាប់តែអនុព័ន្ធយោធា និងស្ថានទូតសហរដ្ឋអាមេរិកបានប្រែបំណងទស្សនកិច្ចទៅជាអធិការកិច្ចស្វែងរកមូលដ្ឋានយោធាចិនដ៏ងងើល មិនជឿ និងគោរពកម្ពុជាដដែលជាដដែល»។
លោកចាត់ទុកថា៖ «ឥរិយាបថដូចគ្នានេះ សហរដ្ឋអាមេរិកធ្លាប់ធ្វើចំពោះប្រទេសអ៉ីរ៉ាក់ ដែលបានចោទអ៉ីរ៉ាក់ថាលួចលាក់ផលិតអាវុធបរិមាណូ រហូតវាយប្រហារអ៉ីរ៉ាក់ទាំងមិនបានរកឃើញភស្តុតាងអ្វីសោះឡើយ។ ដូចនេះរឿងមូលដ្ឋានទ័ពចិននៅរាមកម្ពុជា គឺគ្រាន់តែជាល្បែងចោទឆ្កែជាថាឆ្កួត ដើម្បីប្រហារឆ្កែតែប៉ុណ្ណោះ»។
ជុំវិញស្ថានភាពនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនកម្ពុជា ដែលមានសម្បជញ្ញៈ មនសិកាជាម្ចាស់កម្ពុជា ជាម្ចាស់វាសនាអនាគតជាតិមាតុភូមិខ្មែរ កុំវិលត្រលប់ទៅរកការប្រកាន់គំនិតស្តាំនិយមជ្រុល ដែល លន់ នល់ សិរិមតៈ ធ្លាប់ធ្លាក់ចូលគន្លងបម្រើសហរដ្ឋអាមេរិកប្រឆាំងជម្រកវៀតកុងក្នុងទឹកដីកម្ពុជារួចទៅហើយ ក្នុងទស្សវត្សឆ្នាំ៧០ និងគំនិត (ជាតិនិយមជ្រុល) ដែល ប៉ុល ពត ធ្លាប់ធ្លាក់ចូលគន្លងបោសសំអាតខ្មាំងយួនក្នុងទស្សវត្សឆ្នាំ៨០ ជាទស្សវត្សដ៏សែនរន្ធត់ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោម ឱនថយ មហាសោកស្តាយជាថ្មីទៀតឱ្យសោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ កម្ពុជាបានអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិក ចុះធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាតាមសំណើរបស់ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិកដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ ក្រោយទស្សនកិច្ចនេះ ស្ថានទូតអាមេរិក បែរបានចេញសេចក្តីថ្លែងការណ៍មួយតាមបណ្តាញសង្គមថា កម្ពុជាមិនអនុញ្ញាតឱ្យយោធាអាមេរិក ចូលទៅកាន់គ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនោះទេ ព្រមទាំងទាមទារចុះពិនិត្យម្តងទៀត។
ការចេញសេចក្តីថ្លែងការណ៍នេះ ទទួលប្រតិកម្មយ៉ាងខ្លាំងពីក្រសួងការពារជាតិកម្ពុជា ដោយចាត់ទុកថា វាគឺជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិ ចាត់ទុកចំណាត់ការរបស់ក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចនេះថា មានភាពត្រឹមត្រូវ និងប្រកបដោយ វិជ្ជាជីវៈ។
ក្រសួងការពារជាតិ ក៏ស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការបង្កើតស៊ីណារីយ៉ូថ្មីៗ ដែលនាំមកនូវភាពអវិជ្ជមាន និងសូមឱ្យគោរពដល់អធិបតេយ្យ និងលាក់ការណ៍កងទ័ព របស់ព្រះរាជាណាចក្រកម្ពុជា។ ចំពោះសំណើធ្វើទស្សនកិច្ចនាពេលអនាគត ក្រសួងការពារជាតិនឹងពិចារណាយ៉ាងហ្មត់ចត់តាមករណីនីមួយៗ។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិសូមបញ្ជាក់ថា សកម្មភាពទាំងឡាយនៅក្នុងបរិវេណមូលដ្ឋានកងទ័ព ដែលបានទទួលការអនុញ្ញាត គឺជាការធ្វើទស្សនកិច្ច ពុំមែនជាការទៅធ្វើការត្រួតពិនិត្យ ឬឆែកឆេរ នោះឡើយ៕