(កំពត)៖ រដ្ឋបាលខេត្តកំពត នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន៨១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី សុទ្ធតែជាកម្មករ កម្មការិនី ធ្វើការនៅរោងចក្រ ពូ ចិន ស្ថិតក្នុងភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរបស់ខ្លួនមានអ្នកជំងឺកូវីដ១៩ សរុបចំនួន៨៧៣នាក់, កំពុងសម្រាកព្យាបាលចំនួន៥៨៧នាក់, ជាសះស្បើយចំនួន២៨០នាក់ និងស្លាប់ចំនួន៦នាក់។
រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាសុខភាព សូមទៅយកសំណាកនៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត៕