(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀតជាអ្នកអ្នករថយន្តដឹកជញ្ជូនភ្ញៀវ និងអ្នកបើករថយន្តក្រុមហ៊ុន វីរៈប៊ុនថាំ ភ្នំពេញ-រតនគិរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់នេះ ឈ្មោះទី១៖ វឿន វុទ្ធី ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ឆ្នាំ មុខរបរព្រូឡាន ទីលំនៅអចិន្ត្រៃយ៍ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង, ទី២៖ ឈ្មោះ សៀវ គឹមឡុង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មុខរបរអ្នកបើករថយន្តទីលំនៅអចិន្ត្រៃយ៍ភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង និងទី៣៖ ឈ្មោះ នៃ សៅសោភ័ណ្ឌ ភេទប្រុស ជនជាតិខ្មែរ អាយុ៥៦ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកទំនិញទីលំនៅអចិន្ត្រៃយ៍ភូមិកោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បុគ្គលឈ្មោះ វឿន វុទ្ធី និងឈ្មោះ សៀវ គីមឡុង គឺជាអ្នកបើកបរ និងព្រូឡានជាមួយគ្នាតែងតែដឹកជញ្ជូនភ្ញៀវ ទៅមកពីខេត្តរតនគិរី-ភ្នំពេញ ត្រូវបានរកឃើញកូវីដ១៩ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ដែលប្រចាំការនៅចំណុចគោលដៅត្រួតពិនិត្យបឋមស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង។
ដោយឡែកឈ្មោះ នៃ សៅសោភ័ណ្ឌ ជាអ្នកបើករថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានក្រុមការងារបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ដែលប្រចាំការនៅចំណុចគោលដៅត្រួតពិនិត្យបឋមអូរវ៉ាក់ ព្រំប្រទល់ខេត្តរតនគិរី-មណ្ឌលគិរី។
បច្ចុប្បន្ន អ្នវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់សាធារណៈជនទាំងអស់ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គលទាំង ៣ខាងលើ សូមស្ម័គ្រចិត្តទៅធ្វើតេស្តសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត និងតាមដានសុខភាពខ្លួនឯងជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទ៖ ០៩៧ ៥៩៥ ៧៧ ៨៨/ ០៩២ ១២១ ៣៨៣/ ០៩៧ ៧៧៥ ១២ ១២៕