(ភ្នំពេញ)៖ ដើម្បីអបអរខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦នេះ សាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦នេះ បានប្រារព្ធកម្មវិធី វេទិកាយុវជន កាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ «យុវជន និងការគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក» ក្នុងន័យធ្វើការផ្សព្វផ្សាយ ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដល់សិស្ស-និស្សិត ដើម្បីឲ្យពួកគេចូលរួម ផ្សព្វផ្សាយបន្តទៀត ដល់មជ្ឈដ្ឋានមហាជនទូទៅ ពេលទទួលបាននូវចំណេះនេះ រួចហើយ។
វេទិកាយុវជន កាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ «យុវជន និងការគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក» បានធ្វើឡើងនៅសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិផ្ទាល់ ដោយមានការចូលរួមជាអធិបតីភាព ពីសំណាក់លោក សម កុសល នាយក នាយកដ្ឋានធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា ,លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ និងជាប្រធានកិត្តិយស ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំក្នុងសាលា ព្រមទាំងសាស្រ្តចារ្យ និងនិស្សិតជាច្រើននាក់។
លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងជាប្រធានកិត្តិយស ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំក្នុងសាលានេះផ្ទាល់ បានមានប្រសាសន៍ថា ដើម្បីឲ្យពិធីផ្សព្វផ្សាយ ការគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ទទួលបានជោគជ័យ និងលទ្ធផលល្អ សូមនិស្សិត និងសមាជិកក្លឹបយុវជនទាំងអស់ យកចិត្តទុដាក់ស្ដាប់វាគ្មិន ដែលធ្វើបទឧទ្ទេសនាម បើមានចម្ងល់ត្រូវចេះសាកសួរ កត់ត្រាទុកនូវចំណុចគោលសំខាន់ៗ ដើម្បីជាជំនួយក្នុងការចងចាំ។
លោកស្រីបន្តថា វគ្គផ្សព្វផ្សាយនេះ នឹងធ្វើឲ្យយុវជនយើងក្លាយជា យុវជនគំរូ មានសីលធម៌ល្អ ចូលរួមគោរពច្បាប់ចរាចរណ៍ កាន់តែប្រសើរឡើង ដើម្បីរក្សាសណ្ដាប់ធ្លាប់ល្អ បញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យបាត់បង់នូវពេលវេលា ទ្រព្យសម្បត្តិ អាយុជីវិត របស់ប្រជាពលរដ្ឋ ជាពិសេសជួយរួមចំណែក ជួយដល់សកម្មភាពមនុស្សធម៌ ក្នុងសង្គម និងជួយផ្សព្វផ្សាយ ចំណេះដឹងទាំងនេះ ដល់យុវជនផ្សេងៗទៀត នៅតាមសហគមន៍ និងមិត្តភក្តិ ដើម្បីឲ្យពួកគេធ្វើជាយុវជន និងប្រជាពលរដ្ឋល្អ របស់ប្រទេសជាតិទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ទេព កុលាប ក៏បានសម្ដែងនូវកតញ្ញុតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយបញ្ញាញាណដ៏ខ្ពង់ខ្ពស់ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ជនរងគ្រោះ ក្នុងគ្រោះមហន្តរាយផ្សេងៗ គ្រប់ទិសទី ទូទាំងប្រទេស ដោយពុំមានការើសអើង។ មិនតែប៉ុណ្ណោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ ទំនុកបម្រុង និងគាំទ្រដល់ក្លឹបយុវជន កាកបាទក្រហមកម្ពុជា ដែលផ្ដល់ឱកាសឲ្យយុវជន បានចូលរួមគ្រប់សកម្មភាព របស់កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងថ្ងៃនេះ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ មានឱកាសចូលរួមស្វែងយល់ ចលនាកាកបាទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីអបអរខួប លើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។
ដោយឡែកលោក សម កុសល នាយក នាយកដ្ឋានធនធានមនុស្សនៃ កាកបាទក្រហមកម្ពុជា ក៏បានមានប្រសាសន៍ ផ្ដាំផ្ញើដល់និស្សិត ទាំងអស់ឲ្យខិតខំក្រេបយកចំណេះដឹង ស្ដីពីច្បាប់ចរាចរណ៍ ផ្លូវគោកនេះ ដើម្បីបន្តផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ និងធ្វើជាយុវជនគំរូ ក្នុងសហគមន៍ ក្នុងសង្គមជាតិ ចូលរួមក្នុងសកម្មភាព មនុស្សធម៌ឲ្យបានកាន់តែច្រើន។ កាកបាទក្រហមកម្ពុជា កំពុងតែធ្វើសកម្មភាពមនុស្សធម៌ ដោយមិនប្រកាន់ និងរើសអើងអ្វីទាំងអស់ ក្នុងប្រទេសកម្ពុជា ហើយសកម្មភាពមនុស្សធម៌នេះ គឺមានគ្រប់ផ្នែកទាំងអស់ ពោលយើងបានចូលរួម សហការជាមួយអាជ្ញាធរមូលដ្ឋាន ជាមួយសិស្ស និស្សិត ជាមួយអង្គការនានា ជាមួយសប្បុរសជន ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ ពេលជួបប្រទះ នូវគ្រោះធម្មជាតិ ចាស់ជរា កុមារកំព្រា ក្មេងពិការ និងសកម្មភាពមនុស្សផ្សេងៗ ជាច្រើនទៀត។
លោកបន្ថែមថា លោកសូមកោតសរសើ ដល់លោកស្រីសាកលវិទ្យាធិការ សាកលវិទ្យល័យភ្នំពេញអន្តរជាតិ ដែលជានិច្ចកាល តែងតែដឹកនាំសិស្ស-និស្សិត ចូលរួមសកម្មភាពមនុស្សធម៌ ជាច្រើនមកហើយ ដើម្បីជួយក្នុងសង្គម ជួយដល់ជនក្រីក្រ ហើយវេទិកាយុវជន កាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ «យុវជន និងការគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក» ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដល់សិស្ស-និស្សិត នៅថ្ងៃនេះ នឹងទទួលបានផ្លែផ្កា គួរជាទីពេញចិត្ត និងដើម្បីជាចំណេះដឹង ជាឧត្តមប្រយោជន៍ ដល់និស្សិត ក្នុងការចូលរួមយ៉ាងសកម្ម ផ្សព្វផ្សាយ ដល់សហគមន៍ និងប្រជាពលរដ្ឋទូទៅទាំងអស់ ឲ្យស្វែងយល់កាន់តែខ្លាំង និងគោរពច្បាប់ចរាចរណ៍ កាន់តែប្រសើឡើងថែមទៀត៕