(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំបណ្តា មន្ទីរ អង្គភាពទូទាំងខេត្ត ត្រូវប្រកាន់ភ្ជាប់ឲ្យខានតែបាន នូវវប្បធម៌សាមគ្គីចែករំលែក និងត្រូវមានព្រហ្មវិហាធម៌ទាំង៤ ចំពោះមន្រ្តីរាជការក្រោមឱវាទរបស់ខ្លួន ទើបធ្វើឲ្យមន្ទីរ អង្គភាពនោះទទួលបានជោគជ័យលើការងារ។ លោក ម៉ៅ ធនិន បានថ្លែងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្រ្តីរាជការស៊ីវិលទាំងមន្រ្តីក្របខណ្ឌ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែតក្នុងសាលាខេត្ត និងតាមមន្ទីរអង្គភាពជុំវិញខេត្តជិត១៥០០នាក់ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅលើបុរីវប្បធម៌កោះសំពៅមាស ក្នុងគោលបំណងស្វែងយល់អំពីគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងកិច្ចការបម្រើការងារ និងបញ្ហាប្រឈមនានាដែលកើតមានក្នុងមន្ទីរ អង្គភាព រួមគ្នាដោះស្រាយប្រកបដោយសន្តិវិធី។
ជាការពិតណាស់ថា ថ្នាក់ដឹកនាំគ្រប់ៗរូប មិនថាមន្ទីរអង្គភាពតូច ឬ ធំនោះទេ ត្រូវតែមានគោលការណ៍ និងភាពជាក់លាក់ច្បាស់លាស់ត្រឹមទើបដឹកនាំគេបាន បើមិនដូច្នេះទេ ច្បាស់ជាមានបញ្ហាកើតមានជាក់ជាមិនខាន។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពត្រូវប្រកាន់ភ្ជាប់ឲ្យខានតែបាននូវវប្បធម៌សាមគ្គីឯកភាព វប្បធម៌ចែករំលែក និងត្រូវមានព្រហ្មវិហាធម៌ទាំង៤ ចំពោះកូនចៅពោលគឺស្គាល់សុខស្គាល់ទុក្ខ និង ជួយដោះស្រាយគ្នាទៅវិញទៅមក ទើបហៅថាថ្នាក់ដឹកនាំល្អ និងជាគំរូដល់អ្នកដ៏ទៃ។ នៅចំពោះមុខរដ្ឋបាលខេត្តមានគោលការរៀបចំ ធ្វើការប្រឡងប្រណាំង រវាងថ្នាក់ដឹកនាំមន្ទីរ និងមន្ទីររហូតដល់ថ្នាក់ស្រុកក្រុងឃុំសង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិ៍ថែមទៀត។ ការអនុវត្តបែបនេះ សម្តៅរកឲ្យឃើញបុគ្គលល្អហើយសកម្ម ព្រោះថា រយៈពេលកន្លងមក មានមន្ត្រីរាជការយើងមួយចំនួន បានតស៊ូបម្រើការងារយ៉ាងសកម្ម ជាច្រើនឆ្នាំមិនដែលទទួលបានអ្វីទាល់តែសោះ អ្នកខ្លះគ្រាន់តែមកអែបអប និងមានខ្នងបានឡើងប្រធាននេះ ប្រធាននោះ តែកុំភ្លេចថា បុណ្យស័ក្តិទាំងនោះធ្លាក់វិញក៏លឿនដែរ។ សកម្មភាពនេះមិនអនុញ្ញាតឲ្យកើតមានទៀតនោះទេ ការតែងតាំង ការផ្លាស់ប្តូរតួនាទី ភារកិច្ចថ្នាក់ដឹកនាំមន្ទីរ អង្គភាព ត្រូវតែពិនិត្យពិចារណា និងមានការយល់ព្រមពីមន្ត្រីថ្នាក់ក្រោមជាមុនសិន ទើបការដាក់មនុស្សទៅ មានភាពយុត្តិធម៌ ដូចពាក្យថា «រក្សាទឹក ដូរត្រី»។ លោកបានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងក្របខណ្ឌ កិច្ចសន្យា និងបុគ្គលិកអណ្តែតទាំងអស់ត្រូវខិតខំពង្រឹង អភិវឌ្ឍសមត្ថភាព បង្កើននូវចំណេះដឹងឲ្យបានទូលំទូលាយ ពេលនោះអ្នកនឹងក្លាយខ្លួនទៅជាអ្នកគ្រប់គ្រង ដឹកនាំដ៏ល្អពូកែទាំងនៅក្នុងមន្ទីរ អង្គភាព ព្រមទាំងនាំមកនូវភាពរីកចម្រើនដល់ខេត្ត និងក្នុងសង្គមគ្រួសារផងដែរ។ ផ្អែកតាមរបាយការណ៍របស់លោក ភុំ ថាយ ប្រធានការិយាល័យក្របខណ្ឌ និងបណ្តុះបណ្តាល នៃមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ បានឲ្យដឹងថា ទូទាំងខេត្តមានមន្រ្តីរាជការស៊ីវិលសរុបចំនួន ៥,៤៤៣នាក់ ក្នុងនោះស្រីមានចំនួន ២,១៦៣នាក់ ក្នុងនោះមន្ត្រីមានក្របខណ្ឌប្រភេទ ក ៦៥៧នាក់ ស្រី ១៥៤នាក់ ប្រភេទ ខ ២,២០១នាក់ ស្រី ៧៧៥នាក់ និង ប្រភេទ គ ២,៥៨៥នាក់ ស្រី ១,២៣៤នាក់ ។ ក្រៅពីនោះនៅមានក្រុមប្រឹក្សាខេត្ត ១៥រូប ក្រុមប្រឹក្សា ស្រុក ក្រុង ៨៨រូប ក្រុមប្រឹក្សាឃុំ សង្កាត់ ៣៤៣រូប និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំនួន ១,៩៩៨នាក់។ នៅក្នុងពិធីសំណេះសំណាលនោះលោក ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់មន្ត្រីរាជការស៊ីវិល ជិត ១,៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង ១ ដែលជាទម្លាប់របស់ឯកឧត្តម និង លោកជំទាវ នៅពេលជួបសំណេះសំណាលម្តងៗ តែងតែមានរបស់ជាប់និស្ស័យជានិច្ច មិនដែលខកខានឡើយ ៕