(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឱ្យក្រុមការងារតាមរកឱ្យឃើញ ជនដើរយកលុយប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីដាក់ទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបទរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅនៅខណ្ឌចំនួន០៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងបណ្តាថ្នាក់ដឹកនាំចម្រុះក្រសួងការពារជាតិផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងដូចនេះថា «ខ្ញុំកំពុងតែប្រាប់បងប្អូនយើងទាំងអស់ គ្រប់ទិសទីទាំងអស់ រកឱ្យឃើញមុខហ្នឹងម្តង រកអ្នកណាដែលយកលុយនឹង អាអ្នកដែលយកលុយនឹង គឺវាដើរផ្ទុយស្រលះពីប្រមុខរាជរដ្ឋាភិបាល ដែលបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងនឹង អត់មានបង់លុយបង់កាក់អីទេ គឺចាក់ជូនប្រជាជនអត់មានបង់លុយកាក់ទេ បើអ្នកណាឆ្លៀតពេលនឹងយកលុយយកកាក រកឱ្យឃើញយកឱ្យបាន គឺនឹងមានការដាក់ទោសតាមច្បាប់»។
សម្តេចពិជ័យសេនា បានបន្ថែមថា ជាគោលការណ៍របស់កងទ័ព គឺចុះចាក់វ៉ាក់សាំងដោយមិនយកលុយពីប្រជាពលរដ្ឋនោះទេ ទាំងទម្រង់ទាំងប័ណ្ណ និងទទួលបានជោគជ័យដ៏ធំមួយរួចទៅហើយ តែនៅមានជនខិលខូចមួយចំនួន បានដើរទារលុយជាថ្នូរនឹងការបានចាក់វ៉ាក់សាំង ដែលនេះគឺជាអ្នកបំផ្លាញទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់ប្រមុខថ្នាក់ដឹកនាំ ដូចនេះហើយ ថ្នាក់ដឹកនាំអង្គភាពទាំងត្រូវតែរកជននោះឱ្យឃើញ និងចាត់ការចេញម្តងដើម្បីលើកកម្ពស់ទឹកចិត្តរបស់កងទ័ពដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការចុះទៅជួយសម្រួលដល់ប្រជាពលរដ្ឋ។
សម្តេចពិជ័យសេនា បានបន្ថែមថា គិតមកដល់ពេលនេះ អនុគណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាក់ជូនដល់កងទ័ព គ្រួសារ កងទ័ព និងប្រជាពលរដ្ឋក្នុងខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយក៏កំពុងបើកដំណើរការបន្តទៀត សម្រាប់ពលរដ្ឋដែលនៅសល់តិចតួច ហើយអ្វីដែលសំខាន់ទៀតនោះ គឺក្រសួងការពារជាតិ កំពុងទទួលភារកិច្ចថ្មីមួយទៀត គឺនឹងចុះចាក់វ៉ាក់សាំងនៅតាមបណ្តាខេត្តមួយចំនួនទៀត តាមការបែងចែកភារកិច្ចរបស់គណៈកម្មាការចំពោះកិច្ចរបស់រាជរដ្ឋាភិបាល។
សម្តេចពិជ័យសេនា បានបន្តថា សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩នេះ មិនអាចបញ្ចប់ក្នុងរយៈពេលដ៏ខ្លីបានទេ គឺនឹងនៅតែបន្តទៅតាមវ៉ាក់សាំងដែលអាច ទទួលបានជាបន្តបន្ទាប់ ដើម្បីយកទៅបញ្ជ្រាបចូលទៅក្នុងរាង្គកាយរបស់មនុស្សឱ្យបានគ្រប់ទាំង២ដូស ជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៦១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩៣,៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន ១,១៤១,៥៥០នាក់៕