(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានណែនាំ និងជំរុញទៅកាន់ថ្នាក់ដឹកនាំ និងមន្រ្តីបម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត ឲ្យប្រឹងប្រែងដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងកុំធ្វើការងារទុកគរចោលដូចអាច៌ភេ ហើយត្រូវមានការផ្សព្វផ្សាយឲ្យបាន ទូលំទូលាយថែមទៀតផង។ កិច្ចប្រជុំពង្រឹងរបៀបការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទរបស់ ខេត្តកំពង់ធំ ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។

លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា មន្រ្តីសរុបបំរើការងារ ក្នុងមន្ទីរអភិវឌ្ឍន៍ជនបទ មានចំនួន៥៤រូប ស្រី៤រូប មានការិយាល័យជំនាញចំនួន១០ ការិយាល័យ អភិវឌ្ឍន៍ស្រុក-ក្រុងចំនួន៨។ មន្ទីរបានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ DBST ចំនួន១២២,៧គ.ម នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដែលជាគម្រោងក្រាលកៅស៊ូ RRIP-2. សម្រាប់គម្រោង RIP ផ្លូវក្រាលគ្រួសក្រហម ចំនួន៥ខ្សែ មានប្រវែង៣១,២៩គ.ម ហើយបានដាំដើមត្នោត៥០០០ដើម ដើមស្វាយ៥០០ដើម ដើមធ្នង់៣០០ដើម ដែលតម្រូវតាមស្រុកនីមួយៗ។

លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ទើបត្រូវបានប្រគល់ភារកិច្ចថ្មីបន្ថែម លើការងារអភិវឌ្ឍន៍ជនបទ បានថ្លែងថា ភាពផ្លាស់ប្តូរ នូវរបៀបរបបការងារថ្មី ដែលមានការប្រែប្រួល ដូច្នេះចំពោះការទទួលខុសត្រូវ សម្រាប់រាល់សំណូមពរ របស់ប្រជាពលរដ្ឋទូទៅ មន្ទីរអភិឌ្ឍន៍ជនបទត្រូវកត់ត្រាទុក លើកយកមកធ្វើការសិក្សា និងពិភាក្សាដើម្បីដោះស្រាយតាមជាក់ស្តែង។ ចំណែកសំណូមពរ ដែលមានកំរិតធ្ងន់ធ្ងរត្រូវធ្វើសំណើ ជូនដល់ថ្នាក់លើធ្វើការសម្រេចចិត្ត និងសម្រេច។

លោក គង់ វិមាន បានសង្កត់ធ្ងន់ថា «ការខិតខំប្រឹងប្រែងរបស់មន្ទីរអភិឌ្ឍន៍ជនបទ ក្នុងខេត្តកំពង់ធំ កន្លងមកវាប្រៀបបាននិងមិន បានធ្វើដោយសារតែ វាបានកប់បាត់ ដោយពុំមានអ្នកណាដឹង គឺបានដឹងត្រឹមតែមេភូមិ និងមេឃុំ ចំណែកប្រជាពលរដ្ឋពុំបានដឹងពី សកម្មភាពនៃការអភិវឌ្ឍន៍ជនបទ ដោយសារតែមានការខ្វះការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយជាហេតុធ្វើឲ្យជនអគតិមួយចំនួន វាយប្រហារថា មិនដែលឃើញធ្វើអ្វីសោះ»។

ក្នុងនោះអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទ ព្រមទាំងការិយាល័យទាំង១០ មិនត្រូវទុកការងារឲ្យគរ ដូចឈើពាំសំបកនោះទេ គឺត្រូវធ្វើសំណើជាបន្ទាន់តាមឋានានុក្រម ដើម្បីចាត់ចែងការងារជាបន្ទាន់ និងបញ្ឈប់បញ្ហាការថ្នាំងថ្នាក់ រវាងមន្ត្រីកុំឱ្យកើតជម្ងឺមហារីក៕