(កំពង់ធំ)៖ ប្រជាពលរដ្ឋរកស៊ី ជួលដឹកឈើតាមគោយន្ត បានរិះគន់លោក សឹង សឿង ហៅ ស្មី ជាមន្រ្តីកងរាជអាវុធហត្ថ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមន្រ្តីមួយចំនួនទៀត រួមមានមន្រ្តីយោធា និងមន្រ្តីរដ្ឋបាលព្រៃឈើ បានដាក់កុងត្រូលជជុះ នៅតាមដងផ្លូវស្ថិតនៅឃុំមានរិទ្ធ ទោះជាមានការហាមដាច់ខាតពីសំណាក់ អាជ្ញាធរខេត្តកំពង់ធំក៏ដោយ។
លោក សឹង សឿង ហៅស្មី ត្រូវបានប្រជាពលរដ្ឋនិយាយថា នៅបន្តជរិតទារលុយពីអ្នកដឹកឈើ ដូចដាក់ភាគហ៊ុន ដោយកំណត់តម្លៃក្នុងមួយគោយន្ត (ឫហៅកាឡេថង) ពី៨ទៅ១០ម៉ឺនរៀល។ ជាក់ស្តែងនៅយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ គោយន្តដឹកឈើចំនួន២គ្រឿង របស់ប្រជាពលរដ្ឋត្រូវបាន លោក សឹង សឿង ហៅស្មី កាក់ជំរិតទារលុយក្នុងមួយគ្រឿង ចំនួន៨ម៉ឺនរៀល តែម្ចាស់គោយន្ត បានអង្វរស្ទើរលុតជង្គង់សុំជំពាក់សិន ចាំព្រឹកទើបផ្ញើលុយឲ្យ ដោយសារតែក្នុងពេលនេះគ្មានលុយជាប់ខ្លួន ក៏មន្រ្តីអាវុធហត្ថរូបនេះ មិនយោគយល់ដែរ ហើយបានចាប់ឃាត់តែម្តង។
ជាមួយគ្នានេះ បើតាមប្រជាពលរដ្ឋជាម្ចាស់គោយន្ត នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នោះ ក៏មានមនុស្សមួយក្រុម ត្រូវបានគេស្គាល់ថាឈ្មោះ យ៉េ និងឈ្មោះ យូត ជាមន្រ្តីយោធានៅវរៈសេនាតូចលេខ១ ដែលបានមករស់នៅការពារមេព្រៃ ផ្នែកសណ្តាន់នោះ បានជំរិតទារលុយពីអ្នកម្ចាស់គោយន្តទាំងនេះ ចំនួន១៥០០០០០រៀលផងដែរ តែក្រោយពីការអង្វរ ទើបចុះនៅត្រឹម៧០ម៉ឺនរៀល។ ករណីនេះប្រជាពលរដ្ឋនិយាយថា លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ជាអ្នកបង្គាប់ឲ្យបង់លុយ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះថា ក្រោយទទួលបានព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការយោធាខេត្តកំពង់ធំ បានបញ្ជាស្រាវជ្រាវជាបន្ទាន់ ពាក់ព័ន្ធរឿងទាហានជំរិតទារលុយ ព្រមទាំងកំពុងវែកមុខដើម្បីឲ្យជន ដែលបានយកលុយពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នោះ ប្រគល់ឲ្យម្ចាស់ដើមវិញ។
លោក លក វង្ស មេបញ្ជាការអាវុធហត្ថស្រុកសណ្តាន់ បានឲ្យដឹងថា នៅយប់ថ្ងៃនោះ មកពីធ្វើការហត់ អស់កម្លាំងពេក ហើយថែមទាំងបានបិទសំលេងទូរស័ព្ទ ពេញមួយយប់ទល់ភ្លឺ ដូច្នេះលោកមិនបានបញ្ជាឲ្យចាប់គោយន្ត របស់ប្រជាពលរដ្ឋនោះទេ។ ចំពោះការចោទប្រកាន់នេះអង្គភាព Fresh News មិនទាន់អាចស្វែងការបកស្រាយ ពីមន្រ្តីអាវុធហត្ថរូបនេះនៅឡើយទេ៕