(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សុខសន្តិភាព បាននិងកំពុងធ្វើឲ្យកម្ពុជា មានភាពរីកចម្រើន និង បានធ្វើឲ្យមានកំណើនភ្ញៀវទេសចរពីសូន្យនាក់នៅទស្សវត្សរ៍ឆ្នាំ៨០ រហូតដល់ជិត ៥លាននាក់នៅឆ្នាំ២០១៥នេះ។
ថ្លែងនៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយអ្នកដំណើរថ្មីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីបានឡើងធ្វើជានាយករដ្ឋមន្រ្តី នៅឆ្នាំ១៩៨៥ សម្តេចមិនបានគិតថា កម្ពុជា អាចមានកំណើនភ្ញៀវទេសចរដូចពេលបច្ចុប្បន្ននោះឡើយ ដោយសារពេលនោះរាជធានីភ្នំពេញ អត់មានមនុស្សរស់នៅនោះទេ។
សម្តេចតេជោ បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ក្រោយពេលផ្តួលរំលំរបបប៉ុលពត រហូតដល់ឆ្នាំ១៩៩៦ មានយន្តហោះតែពីរប្រទេសប៉ុណ្ណោះ គឺ១របស់វៀតណាម និង មួយទៀតហោះមកពីទីក្រុងម៉ូស្គូ ហើយក្នុង ១សប្តាហ៍មានយន្តហោះចុះចតតែមួយប៉ុណ្ណោះ។ តែបច្ចុប្បន្ន ដោយសារតែការរក្សាបាននូវសុខសន្តិភាព បានធ្វើឲ្យតម្រូវភ្ញៀវទេសចរបានកើនឡើងជាបន្តបន្ទាប់។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ដោយសារសន្តិភាពប្រទេសនេះ គ្មានសង្រ្គាមបន្តទៅទៀត តាមរយៈនយោបាយឈ្នះឈ្នះ ធ្វើឲ្យកម្ពុជាមានតំបន់ទេសចរណ៍ច្រើន ហើយភ្ញៀវទេសចរបានកើនពីសូន្យទេសចរ ដល់ចំនួន ៤លាន៧សែននាក់។ ចឹងបានជាមានតម្រូវ ការពង្រីកព្រលានយន្តហោះនូវស្ថានីយដឹកអ្នកដំណើរ ហើយស្ថានីយនេះទៀត មិនមែនជាស្ថានីយបាំងស័ង្កសីទេ»។
បើតាមសម្តេចព្រោះតែការមើលឃើញពីកំណើនភ្ញៀវទេសចរនេះហើយ ទើបរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ បើកចំហរជើងមេឃពង្រីកការហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុផងដែរ៕