(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ មានគណៈប្រតិបត្តិមួយ ដែលជាយន្តការដឹកនាំ និងដើម្បីសម្របសម្រួលការងារប្រចាំថ្ងៃ ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និង សម្រប់សម្រួលការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័ស។
តាមមាត្រា៨ នៃ អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) នៅថ្ងៃទី១៣ ខែមិថុនានេះ បានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ មានគណៈប្រតិបត្តិមួយជាយន្តការដឹកនាំ និងសម្របសម្រួលការងារប្រចាំថ្ងៃទាក់ទងនឹងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងសម្របសម្រួលការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត។
គណៈប្រតិបត្តិរបស់ គ.អ.ក. អាចមានក្រុមការងារមួយចំនួនតាមការចាំបាច់ ដែលបង្កើតឡើងដោយ សេចក្តីសម្រេចរបស់ គ.អ.ក. ដើម្បីគាំទ្រដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន។
គណៈប្រតិបត្តិ នៃ គ.អ.ក មានសមាសភាពមួយចំនួន ដែលមានរដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាប្រធាន, រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធានអចិន្រ្តៃយ៍ និងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអនុប្រធាន។ ឯសមាជិកមានរដ្ឋលេខាធិការក្រសួងសេដ្ឋកិ្ចច រដ្ឋលេខាធិការក្រសួងសុខាភិបាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានអនុគណៈកម្មការនីមួយៗផងដែរ។
គណៈប្រតិបត្តិនៃ គ.អ.ក. ជាយន្តការប្រចាំបញ្ជា និងសម្របសម្រួលផ្នែកបច្ចេកទេស និងប្រតិបត្តិការលើការងារប្រចាំថ្ងៃក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស និងសម្របសម្រួលការអនុវត្តការងាររបស់អនុគណៈកម្មការចំណុះឱ្យ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត និងអង្គភាពប្រតិបត្តិការផ្សេងទៀត ដើម្បីធានាប្រសិទ្ធភាព និងភាពរលូននៃការអនុវត្តវិធានការក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ គណៈប្រតិបត្តិនេះ បូកសរុបការងារ និងលើកសំណើផ្សេងៗជូន គ.ប.ក. ពិនិត្យ និងសម្រេច។
គណៈប្រតិបត្តិនៃ គ.អ.ក. មានលេខាធិការដ្ឋានមួយ ដែលស្ថិតក្រោមការដឹកនាំរបស់អនុប្រធានអចិន្ត្រៃយ៍ សម្រាប់ជួយលើការងាររដ្ឋបាលទូទៅ។ សមាសភាពរបស់លេខាធិការដ្ឋាននេះ ត្រូវកំណត់ដោយ សេចក្តីសម្រេចរបស់ គ.អ.ក.៕