(កណ្ដាល)៖ បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ទៅលើវិធានការក្ដៅចំពោះការចល័តនៃបែរត្រី ឬផ្ទះទឹករបស់ជនជាតិវៀតណាម ដែលមានបំណងលួចស្នាក់នៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាលរួចមក អភិបាលស្រុក-ក្រុងដែលជាប់ដែនទឹកទន្លេសាបទន្លេមេគង្គលើ មេគង្គក្រោម និងទន្លេបាសាក់ បានរួមគ្នាប្ដេជ្ញាអនុវត្តន៍តាមបទបញ្ជារបស់លោកអភិបាលខេត្តកណ្ដាលឲ្យមានប្រសិទ្ធភាព។
ឆ្លើយតបមកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ អភិបាលស្រុកជាច្រើននាក់ បានឆ្លើយតបនូវការប្ដេជ្ញាស្រដៀងៗគ្នា ពោលគឺក្នុងន័យគោរពតាមបទបញ្ជា របស់លោកអភិបាលខេត្ត ដោយមិនអនុញ្ញាតឲ្យមានការលួចស្នាក់នៅដោយខុសច្បាន់លើដងទន្លេតាមភូមិសាស្ត្រស្រុករបស់ខ្លួនឡើយ។
អភិបាលស្រុក-ក្រុងដែលបានប្ដេជ្ញានោះរួមមាន៖ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ, លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង, លោក អ៊ូ ឈៀង អភិបាលស្រុកកៀនស្វាយ, លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ, លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក, លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល, លោក កន សុកកាយ អភិបាលស្រុកល្វាឯម, លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងលោក ថន សុវណ្ណា អភិបាលស្រុកពញ្ញាឮ។
គួរជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលស្ថានការណ៍នៅតាមបណ្ដោយទន្លេក្នុងភូមិសាស្ត្រខេត្តកណ្ដាល ហើយបានដាក់បទបញ្ជាឲ្យ អភិបាលស្រុក-ក្រុងដែលជាប់ ទន្លេទាំងអស់ ត្រូវអនុវត្តន៍ច្បាប់ទៅលើបែត្រី ផ្ទះបណ្តែតទឹក និងផ្ទះទូកតូចៗរបស់ជនជាតិវៀតណាម បើសិនហ៊ានល្មើសនឹងបំរាម ឬហ៊ានលួចមកស្នាក់នៅដោយខុសច្បាប់នោះនឹងចាត់វិធានការតាមច្បាប់៕