(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក អន ស៊ុ និងលោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងកាលៈទេសៈដ៏លំបាក ដោយទទួលរងនូវផលប៉ះយ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ មកពី៤ភូមិ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ចំនួន១៥៦គ្រួសារ។ អំណោយឧបត្ថម្ភទាំងនេះជារបស់លោក អ៊ិន ជំនោរ ប្រធានអង្កការកម្ពុជានៃក្តីសង្ឃឹម (CHO)។
សម្ភារៈដែលបានផ្តល់ជូនរួមមាន៖ អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន១កេស, ទឹកត្រី ចំនួន១យួរ, ទឹកស៊ីអ៊ីវ ចំនួន១យួរ និងសាប៊ូដុំ ចំនួន២ដុំ។
ក្នុងឱកាសនោះលោក គាត ហ៊ុល បានថ្លែងថា ជំងឺកូវីដ១៩ កំពុងរីករាលដាលនៅលើសកលលោក ក្នុងនោះប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។
ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានតាម អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ»៕