(សៀមរាប)៖ លោក សឹង្ហ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយរបស់លោក អ៊ុ ភឿង និងអ្នកស្រី សួន មុលឡា ម្ចាស់ប៊ូទិក សម្បត្តិ ពន្លឺជ័យ ជូនដល់ប្រជាពលរដ្ឋ ទីទាល់ក្រដែលជួបការលំបាកសម្រាប់ជីវភាពប្រចាំថ្ងៃ ចំនួន២០គ្រួសារ និងប្រជាការពារ ចំនួន ២០នាក់ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប។
ពិធីចែកអំណោយនេះ មានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក ស្រេន សុព្រី តំណាងលោក ទេព ប៊ុនឆាយ ប្រធានក្រុមព្រឹក្សាក្រុងសៀមរាប ចៅសង្កាត់ស្វាយដង្គំ និងមេប៉ុស្តិ៍ស្វាយដង្គំ ផងដែរ។
អំណោយដែលត្រូវប្រគល់ជូន ២០គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូ, ទឹកសុទ្ធ ១កេស, មីម៉ាម៉ា ១កេស, ត្រីខ ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប, ស្ករស ១គីឡូ, ប៊ីចេងកញ្ចប់, អំបិល ១គីឡូ និងថវិកាចំនួន ២ម៉ឺនរៀល។ ដោយឡែកសម្រាប់ អំណោយសម្រាប់ប្រជាការពារចំនួន ២០នាក់ ដោយក្នុង១នាក់ទទួលបាន៖ ទឹកសុទ្ធ ១កេស, ម៉ាស ៥០ម៉ាស, អាល់កុល ១ដប និងថវិកា ២មុឺនរៀល។
ព្រមទាំងអំណោយប្រគល់ជូនសាលាបឋមសិក្សាស្ទឹងថ្មី នូវម៉ាស ១០០០ ម៉ាស, អាល់កុល ២០ដប និងទឹកសុទ្ធ ៥កេស។ ក្នុងនោះផងដែរ លោក សឹង្ហ សំរិទ្ធិ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និងប្រជាការពារទាំងអស់ឱ្យរក្សាអនាម័យឱ្យបានល្អ ជាពិសេសមេត្តាចូលរួមអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕