(ភ្នំពេញ)៖ អ្នកជំនាញលើវិស័យទេសចរណ៍ចំនួន២រូប គឺលោកឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហើបពីក្បួនរក្សាអាជីវកម្មឲ្យឈរជើងបានយូរ ទោះស្ថិតក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី។
ជាអ្នករកស៊ីលើវិស័យទេសចរណ៍ អ្នកជំនាញទាំង២រូបនេះបង្ហើបថា អាជីវកម្មឈរជើងបានយូរ គឺអាស្រ័យលើការចេះច្នៃប្រឌិត គំនិតច្នៃប្រឌិតច្រើននឹងធ្វើឲ្យអាជីវកម្មបន្ដភាពរឹងមាំ។ កត្តាមួយទៀត គឺភាពឆ្លាតវៃ ក្នុងការប្រែក្លាយវិបត្តិឲ្យទៅជាឱកាស ជាក់ស្ដែងស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ជាការពិតយើងមិនអាចប្រែក្លាយជំងឺកូវីដ១៩ បាន ប៉ុន្ដែអាចប្រែអាជីវកម្មរបស់យើងតាមក្បួនផ្សេងៗបាន។
ក្នុងវេទិកាកិច្ចពិភាក្សាអំពី ទេសចរណ៍លើក ទី ២ ក្រោមប្រធានបទ «ឱកាស និងទស្សនវិស័យ នៃទេសចរណ៍នាពេលពេលអនាគត» លោក ឌិន សុមេធារិទ្ធ បានថ្លែងថា និយាយជារួមលើវិស័យទេសចរណ៍ ប្រសិនបើចរន្ដនៃការមានវ៉ាក់សាំងច្រើន នោះប្រទេសទាំងអស់ រួមទាំងកម្ពុជាកំពុងពិចារណាថា តើត្រូវទទួលទេសចរណ៍ ដែលទទួលវ៉ាក់សាំងចំនួន២ដងនេះរបៀបណា?
លោកបន្ដថា «និយាយចំពោះការរកស៊ី ឬការធ្វើអាជីវកម្មរបស់អាជីវករនានា ក្នុងអំឡុងពេលនេះ ជាយុទ្ធសាស្រ្ដរបស់ខ្ញុំ ម្ចាស់អាជីវកម្មទាំងអស់គួរតែកុំចាំ (កុំចាំកូវីដផុតរលត់ ឬមកស្ថានភាពដើម) ប៉ុន្ដែម្ចាស់អាជីវកម្មទាំងអស់ គួរតែចេះច្នៃប្រឌិតដោយខ្លួនឯងវិញ ជាក់ស្ដែងដូចអ្នករកស៊ី លើវិស័យភោគជនីយដ្ឋាន គួរតែឈប់រង់ចាំភ្ញៀវចូលមកញាំអាហារក្នុងហាង ប៉ុន្ដែគួររិះរកមធ្យបាយលើវិស័យឌីជីថល ដឹកជញ្ជូនអាហារ ឬទំនិញផ្សេងៗទៅដល់ដៃអតិថិជន»។
លោកបានបន្ថែមថា សម្រាប់អ្នករកស៊ីលើវិស័យសណ្ឋាគារវិញ ពេលនេះត្រូវតែរំពឹងលើភ្ញៀវជាតិ មិនអាចរំពឹងលើភ្ញៀវអន្ដរជាតិទាំងស្រុងឡើយ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ប្រសិនបើការធ្វើដំណើរ និងការជួបគ្នានៅបន្ដរឹតត្បិត ការទាក់ទាញភ្ញៀវក្នុងស្រុក ក៏នៅតែលំបាក។
លោកបញ្ជាក់ថា «តាមបទពិសោធន៍ ខ្ញុំដឹងថា ទេសចរណ៍ងាយរងគ្រោះ ដូច្នេះខ្ញុំត្រូវងាករកភ្ញៀវក្នុងស្រុកជាងភ្ញៀវអន្ដរជាតិ។ ប៉ុន្ដែនិយាយចំពោះ ម្ចាស់អាជីវកម្ម ផ្ដោតលើភ្ញៀវអន្ដរជាតិ គឺត្រូវតែរិះរកមធ្យបាយធ្វើយ៉ាងណាឲ្យអាជីវកម្មដំណើរការ ព្រោះប្រសិនបើនៅបន្ដរង់ចាំមានរយៈពេលយូរ និងមិនទៀងទាត់ឡើយ»។
លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា អាជីវកម្មលើវិស័យទេសចរ ជាទូទៅមិនសូវបានគិតពីការប្រើប្រាស់សេវាកម្មក្នុងស្រុកនោះទេ ហើយសកម្មភាពនៃការធ្វើអាជីវកម្ម ដូចជាការទាក់ទាញភ្ញៀវទេសចរ ការនាំភ្ញៀវក៏តែងតែធ្វើសកម្មភាពដដែលផងដែរ។ ប៉ុន្ដែក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃវិបត្តិកូវីដ១៩នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងដើម្បីរក្សានូវអាជីវកម្មរបស់ខ្លួន ម្ចាស់អាជីវកម្មទាំងអស់ ត្រូវតែចេះភាពច្នៃប្រឌិតឲ្យបានច្រើន និងព្យាយាមមើលថា គួរផ្លាស់ប្ដូរអ្វីខ្លះ ដើម្បីទាក់ទាញអ្នកទេសចរក្នុងស្រុក?
លោកស្រីបញ្ជាក់ថា «នេះជាពេលវេលាមួយ ដែលយើងបង្ហាញពិភពលោកឲ្យបានឃើញថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ កម្ពុជាបានផលិតផលិតផលជាច្រើន ប្លែកៗ និងមិនដូចមុនឡើយ ហើយការផ្សព្វផ្សាយនេះ កាន់តែងាយស្រួល តាមរយៈប្រព័ន្ធឌីជីថល ដោយមានការបង្ហោះបង្ហាញតាមប្រព័ន្ធអ៊ីធើណេតផ្សេងៗ តាមរយៈភ្ញៀវទេសចរនានា ហើយនេះជាភាពចំណេញមួយ ក្នុងការផ្សព្វផ្សាយ ព្រមទាំងមិនអស់ថ្លៃសេវាផងដែរ»។
លោកស្រីបន្ថែមថា សម្រាប់ប្រតិបត្តិករលើវិស័យទេសចរណ៍ ត្រូវចេះរៀបចំកញ្ចប់អាជីវកម្មផ្សេងៗ ដើម្បីបំពេញតម្រូវការដល់ទេសចរក្នុងស្រុក និងស្របតាមកាលៈទេសៈ នៃបរិបទនៃជំងឺកូវីដ១៩។ ហើយនេះជាពេលវេលាមួយ ដែលត្រូវបង្កើនចំណេះដឹងផងដែរ ធ្វើផងរៀនសូត្រផង និងជ្រើសរើសនូវវិធីសាស្រ្ដជាច្រើន ដើម្បីបំពេញតម្រូវការក្នុងក្រុមហ៊ុនរបស់ខ្លួនផងដែរ។
លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា «នេះក៏ជាពេលវេលាមួយ ក្នុងការទាញប្រយោជន៍ តាមរយៈប្រព័ន្ធឌីជីថល និងរៀនអភិវឌ្ឍន៍ខ្លួន តាមបច្ចេកវិទ្យានេះ ដើម្បីធ្វើកិច្ចការងារផ្សេងៗទៀត និងត្រូវត្រៀមខ្លួនក្នុងការអភិវឌ្ឍន៍កិច្ចការថ្មីៗ»៕