(កំពង់ធំ)៖ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនីមួយៗ មិនត្រូវមានការរើសអើងចំពោះបងប្អូនដែលចេញពីមណ្ឌលចត្តាឡីស័កនោះទេ ហើយជាពិសេស សូមអំពាវនាដល់បងប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ ឬប្រយោលត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការអំពាវនាវបែបនេះ របស់លោក ម៉ាក់ ប៊ុនហុង ក្នុងឱកាសលោកបានដឹកនាំសហការីចុះសួរសុខទុក្ខដល់កងកម្លាំងយាមប្រចាំការ និងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅ តាមផ្ទះរយៈពេល១៤ថ្ងៃ ព្រមទាំងនាំយកមកនូវសម្ភារឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋចំនួន ២១គ្រួសារ នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ និងផ្សព្វផ្សាយវិធានការ «៣កុំ និង៣ការពារ»។
ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័ក សូមប្រជាពលរដ្ឋគ្រប់រូប និងប្រកបមុខរបរទទួលទាន ប៉ុន្តែកុំភ្លេចរក្សាអនាម័យ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកអភិបាលក្រុងស្ទឹងសែន បានបន្ថែមទៀតថា បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ១៩ ត្រូវបានគេរកឃើញ ហើយសម្ដេចតេជោនិងទិញវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកមកចាក់ជូនប្រជាពរដ្ឋដោយមិនគិតថ្លៃ ហើយសម្តេចតេជោ ហ៊ុន សែន មិនយកប្រជាពលរដ្ឋកម្ពុជា ទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។
លោក ម៉ាក់ ប៊ុនហុង ក៏បានអំពាវនាវដល់អាជ្ញាធរភូមិឃុំសង្កាត់ទាំងអស់ ក៏ដូចជាមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះប្រជាពលរដ្ឋ ដែលបានប៉ះពាស់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលក្រុងក៏បានសំណូមពរប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចូលរួមការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះ ឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាជាដើម៕