(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានពីការស្លាប់បុរសវ័យ ៦៣ឆ្នាំ ម្នាក់ដោយជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា «យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្លាប់បាត់បង់ជីវិតដោយសារ
ជំងឺកូវីដ១៩»។

រដ្ឋបាលខេត្តបានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១៖១៥នាទីព្រឹក បុរសខាងលើនេះ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងស្ថានភាពសន្លប់ស្តូកស្តើងបាត់ស្មារតី ហើយក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់ តាមបច្ចេកទេស ប៉ុន្តែមិនទទួលបានជោគជ័យ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង១៣៖០០នាទីរសៀលថ្ងៃ ខែ ឆ្នាំដដែល។ ក្រោយពេលស្លាប់ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ត (Rapid Test) ទទួលបានលទ្ធផលបញ្ជាក់វិជ្ជមានកូវីដ១៩។

«ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៦៣ឆ្នាំខាងលើ គឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ វៃលុកលឿនធ្វើឱ្យរលាកសួតទាំងសង្ខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក»

រដ្ឋបាលខេត្តឧត្តរមានជ័យ សូមចូលរួមចំណែកសោកស្តាយជាអនេក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព។

ខាងក្រោមជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖