(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១២ ខែមិថុនា បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥៣នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ៣នាក់ បានជាសះស្បើយ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកឆ្លងថ្មីនោះមាននៅស្រុកសូទ្រនិគម ស្រុកជីក្រែង ក្រុងសៀមរាប ស្រុកប្រាសាទបាគង និងស្រុកពួក។ ក្នុងនោះករណីទី១ ដល់ទី៤០ គឺជាករណីឆ្លងរាលដាលក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពមកពីស្រុកជីក្រែង។
ករណីទី៤១ ដល់ទី៤៣ ជាករណីមកពីរាជធានីភ្នំពេញ។ ដោយឡែកករណីទី៤៤ ដល់៥៣ ជាប្រភពពលរដ្ឋត្រឡប់មកពីប្រទេសថៃ។
ថ្ងៃម្សិលមិញមានអ្នកជំងឺ៣នាក់ បានព្យាបាលជាសះស្បើយ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤២៣នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១១០នាក់ ស្លាប់ ៣នាក់ និង៣១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕