(ណៃពិដោ)៖ ប្រធានាធិបតីមីយ៉ាន់ម៉ាថ្មី (ភូមា) លោក យូ ហាទីន ក្យរ (U Htin Kyaw) បានថ្លែងក្រោយការបោះឆ្នោត ប្រធានាធិបតីនៅក្នុងសភាថា ការផ្តល់ទំនុកចិត្តលើរូបលោកក្នុងការដឹកនាំប្រទេសមីយ៉ាន់ម៉ានោះ គឺជាជោគជ័យ សម្រាប់ប្រជាជនសហភាពទាំងមូល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០១៦។
មនុស្សជំនិតរបស់លោកស្រី អ៊ុងសាន ស៊ូជី រូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា «វាជាជោគជ័យសម្រាប់បងស្រី អ៊ុងសាន ស៊ូជី។ នេះក៏ព្រោះតែឆន្ទៈដ៏ថ្លៃថ្លា និង ក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ប្រជាជន ទើបខ្ញុំបានក្លាយជាប្រធានាធិបតី»។ ប្រធានាធិបតីភូមា មានអាណត្តិចំនួនប្រាំឆ្នាំ។
គួរបញ្ជាក់ថា លោក យូ ហាទីន ក្យរ បានទទួលសំឡេងគាំទ្រ ៣៦០សំឡេងនៅក្នុងសភា ឈ្នះដាច់លើបេក្ខភាពពីររូបផ្សេងទៀត ដែលរួមមានលោក U Myint Swe មកពីគណបក្សគាំទ្រដោយយោធាទទួលបាន ២១៣សំឡេង និង លោក U Henry Van Htee Yu មកពីគណបក្សជាមួយលោក យូ ហាទីន ក្យរ ដែរ តែទទួលបាន ៧៩ សំឡេងប៉ុណ្ណោះ៕