(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍ បំភ្លឺថា ការចោទរបស់ស្ថានទូតអាមេរិកថា «យោធាកម្ពុជាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ច» របស់ខ្លួន ក្នុងការពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម គឺជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។
នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចនាព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយតាមបណ្តាញសង្គមថា កម្ពុជាមិនអនុញ្ញាតឱ្យយោធាអាមេរិក ចូលទៅកាន់គ្រប់កន្លែងនោះទេ។ ស្ថានទូតបានលើកឡើងថា៖ «នៅក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធា ទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សម្តែងការសោកស្ដាយយ៉ាងក្រៃលែង ចំពោះសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបែបនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការបំភ្លឺថា ក្រសួងការពារជាតិបានយកចិត្តទុកដាក់រៀបចំឱ្យមានដំណើរទស្សកិច្ចដូចបានពោលខាងលើ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសន្យាជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ និងស្របតាមសំណើរបស់អនុព័ន្ធយោធាអាមេរិកនៅកម្ពុជា។
នៅក្នុងអំឡុងពេលទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាមនេះ ក្រុមការងារសម្របសម្រួលក្រសួងការពារជាតិ បានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក ដោយអនុលោមទៅតាមគោលការណ៍ដែលបានកំណត់ និងការព្រមព្រៀងគ្នា។ សកម្មភាពសំខាន់ៗមួយចំនួន រួមមានជំនួបពិភាក្សាការងារ ដែលស្នើដោយភាគីអាមេរិក មានរយៈពេលជាងមួយម៉ោង ការចុះទៅពិនិត្យមើលអាគារសង់ថ្មី២ខ្នងសម្រាប់ការស្នាក់នៅរបស់កម្មករសំណង់ ដំណើរពិនិត្យមើលផែ និងនាវា របស់កងទ័ពជើងទឹក ការទស្សនារោងជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងការធ្វើដំណើរទៅពិនិត្យមើលសំណង់ទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិ សន្តិសុខលម្អសមុទ្រ នៅកោះព្រាប។
ក្រសួងការពារជាតិបានបញ្ជាក់ថា ដំណើរទស្សនកិច្ចទាំងមូល ដែលចាប់ផ្តើមពីម៉ោង៩កន្លះ បានអូសបន្លាយអស់រយៈពេលប្រមាណ៣ម៉ោង។ តែទោះជាដូច្នេះក្តី ក្រៅពីទីកន្លែងទាំងប៉ុន្មានខាងលើ ដែលបានស្នើ និងបានឯកភាពគ្នា ភាគីអាមេរិកបានបង្កើតស៊ីណារីយ៉ូថ្មីភ្លាមៗ ដោយទាមទារចូលទៅមើលកន្លែងផ្សេងទៀត ដែលពុំមានការស្នើសុំពីមុនមក។ ដោយមើលឃើញភាពមិនប្រក្រតី និងយល់ឃើញអំពីការមិនគោរព ចំពោះអធិបតេយ្យរបស់កម្ពុជា និងចេតនាធ្វើជាមិនយល់អំពីលក្ខណការណ៍របស់កងទ័ព ក្រុមការងារបានបដិសេធចំពោះសំណើថ្មីនេះ។ លើសពីនេះទៅទៀត អនុព័ន្ធយោធាអាមេរិក ហាក់ បង្ហាញអំពីភាពមានៈ នៅក្នុងការជម្នះចូលទៅកាន់ទីនោះ ប៉ុន្តែនៅតែមិនត្រូវបានអនុញ្ញាត។
«ផ្អែកលើកត្តាទាំងអស់ខាងលើ ក្រសួងការពារជាតិ ចាត់ទុកប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិក ជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិ ចាត់ទុកចំណាត់ការរបស់ក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចថា មានភាពត្រឹមត្រូវ និងប្រកបដោយ វិជ្ជាជីវៈ»។ នេះជាការបញ្ជាក់យ៉ាងច្បាស់ៗ នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិ។
ក្រសួងការពារជាតិ ក៏ស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការបង្កើតស៊ីណារីយ៉ូថ្មីៗ ដែលនាំមកនូវភាពអវិជ្ជមាន និងសូមឱ្យគោរពដល់អធិបតេយ្យ និងលាក់ការណ៍កងទ័ព របស់ព្រះរាជាណាចក្រកម្ពុជា។ ចំពោះសំណើធ្វើទស្សនកិច្ចនាពេលអនាគត ក្រសួងការពារជាតិនឹងពិចារណាយ៉ាងហ្មត់ចត់តាមករណីនីមួយៗ។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិសូមបញ្ជាក់ថា សកម្មភាពទាំងឡាយនៅក្នុងបរិវេណមូលដ្ឋានកងទ័ព ដែលបានទទួលការអនុញ្ញាត គឺជាការធ្វើទស្សនកិច្ច ពុំមែនជាការទៅធ្វើការត្រួតពិនិត្យ ឬឆែកឆេរ នោះឡើយ។
សូមបញ្ជាក់ថា កន្លងទៅសារព័ត៌មានមួយចំនួនរបស់សហអាមេរិក នៅតែបន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ៕