(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រកាសពីភាពជោគជ័យ លើអាជីវកម្មរ៉ែមាស ជាលើកដំបូងរបស់កម្ពុជា នៅក្នុងឆ្នាំ២០២១នេះ យុវជន និងយុវតីខ្មែរ បង្ហាញនូវមោទនភាព និងអារម្មណ៍ត្រេកអរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយយល់ថា រ៉ែមាសនឹងអាចជួយបង្កើនប្រាក់ចំណូលជាតិ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក កែវ សិរីសម្បត្តិ ជានិស្សិតផ្នែកច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានឲ្យដឹងថា បន្ទាប់ពីបានលឺដំណឹង អំពីការបើកការដ្ឋាន ធ្វើអាជីវកម្មរ៉ែមាសនេះ រូបលោកផ្ទាល់ ពិតជាមានមោទនភាព និងអារម្មណ៍ត្រេកអរជាខ្លាំង ជាមួយរាជរដ្ឋាភិបាល។
លោក កែវ សិរីសម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះរូបខ្ញុំផ្ទាល់ បន្ទាប់ពីបានលឺដំណឹង អំពីការបើកការដ្ឋាន ធ្វើអាជីវកម្មរ៉ែមាស លក្ខណៈឧស្សាហកម្ម លើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីរួច ខ្ញុំពិតជាមានមោទនភាព និងអារម្មណ៍ត្រេកអរជាខ្លាំង ជាមួយរាជរដ្ឋាភិបាល»។
លោក កែវ សិរីសម្បត្តិ បានបន្ដថា «អាជីវកម្មរ៉ែមាសនេះ នឹងក្លាយជាប្រភពចំណូលមួយ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច និងជំរុញឲ្យការអភិវឌ្ឍ ក្នុងប្រទេសកម្ពុជា យើង កាន់តែមានភាពឆាប់រហ័ស នាពេលខាងមុខ។ ម្យ៉ាងវិញទៀត អាជីវកម្មនេះ អាចនឹងជួយបង្កើនឱកាសការងារ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ»។
ចំពោះលោក ណាល់ រ៉ាម៉ន ជានិស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ បានឲ្យដឹងថា «ខ្ញុំមានការសប្បាយចិត្ត ឃើញសមទ្ធិផលនេះ ដោយសារយើង អាចមានលទ្ធភាពបង្កើតមាសដោយខ្លួនឯងបាន»។
លោក ណាល់ រ៉ាម៉ន បានគូសបញ្ជាក់ថា សមទ្ធិផលនេះនឹងអាចជួយកម្ពុជា ក្នុងការបង្កើនប្រាក់ចំណូលជាតិ ជាពិសេសវានឹងធ្វើឲ្យកម្ពុជា មានគេស្គាល់កាន់តែច្រើនជាងមុន ដោយសារការធ្វើចរាចរមាសរបស់កម្ពុជា។
ពាក់ព័ន្ធនឹងអាជីវកម្មរ៉ែមាស នៅក្នុងប្រទេសកម្ពុជានេះផងដែរ កញ្ញា អេង សក្កណា ជានិស្សិតនៃវិទ្យាស្ថានអគ្គិសនីកម្ពុជា បានឲ្យដឹងថា បើក្រឡេកទៅមើល ប៉ុន្មានឆ្នាំមុនវិស័យរ៉ែនៅកម្ពុជា ហាក់មិនមានការអភិវឌ្ឍន៍នោះទេ។
កញ្ញា អេង សក្កណា បានបន្ដថា ការយករ៉ែភាគច្រើនត្រូវបានធ្វើឡើង ក្នុងទម្រង់ជាអាជីវកម្មលក្ខណៈគ្រួសារ ដែលអាចត្រឹមផ្ដល់ចំណូលប្រចាំថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ ចំណែកឯឧស្សាហកម្មទាញយករ៉ែទ្រង់ទ្រាយធំ គឺមិនមានសោះឡើយ។
កញ្ញា អេង សក្កណា បានថ្លែងថា «ក្នុងនាមខ្ញុំជាយុវនារីខ្មែរមួយរូប ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយ ក្នុងការទទួលនូវសមិទ្ធផលថ្មី គឺឧស្សាហកម្មរ៉ែមាស ស្ថិតក្នុងខេត្តមណ្ឌលគីរី ដែលនឹងដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃទី២១ មិថុនានេះតទៅ»។
ដោយឡែកលោក ជិម វិច្ឆិកា និស្សិតមកពីខេត្ដសៀមរាប និងជាអតីតបេក្ខជនប្រឡងក្នុងកម្មវិធី MasterChef Khmer រដូវកាលទី២ ឯណោះវិញ ក៏បានបង្ហាញសេចក្តីត្រេកអរ ចំពោះភក្តីភាពរបស់ប្រមុខរាជរដ្ឋាភិបាល ពីការប្រកាសពីជោគជ័យ លើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាសនេះផងដែរ។
លោក ជិម វិច្ឆិកា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជាប្រជាពលរដ្ឋខ្មែរម្នាក់ ពិតជាមានសេចក្តីត្រេកអរចំពោះភក្តីភាព របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីការប្រកាសភាពជោគជ័យលើកដំបូង លើការធ្វើអាជីវកម្មរ៉ែមាស»។
គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសពីជោគជ័យលើកដំបូង លើការធ្វើអាជីវកម្ម រ៉ែមាស ដែលអាចផលិតមាសសុទ្ធ បានប្រមាណ៣តោន ក្នុងមួយឆ្នាំ។
ដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាសនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១តទៅ ដែលស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រ៉ែមាស ដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ក្រុមហ៊ុនដែលអនុញ្ញា ឲ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករក អស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។ រ៉ែមាស ដែលក្រុមហ៊ុន បានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធ បានប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង៕