(ព្រះសីហនុ)៖ ក្រុមហ៊ុន Royal Group Koh Rong Development Company បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះថា ការសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ បាននិងកំពុងដំណើរការយ៉ាងរលូន ទោះបីមានការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នាំឲ្យមានការបិទខ្ទប់ទីក្រុង និងខេត្តព្រះសីហនុក៏ដោយ ក៏មិនមានការប៉ះពាល់ដល់ដំណើរការសាងសង់ឡើយ។
ក្រោយពីសម្រេចការសាងសង់បាន ៣០% កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ នៅពេលនេះទោះបីមានភ្លៀងធ្លាក់ក៏ក្រុមហ៊ុនបន្តសាងសង់សម្រេចលទ្ធផលបាន១៥% បន្ថែមទៀត ដែលប្រវែងផ្លូវ៥៥% គ្រោងសង់បញ្ចប់នៅដើមឆ្នាំ២០២២ ខាងមុខនេះស្របតាមផែនការ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ ក្រុមហ៊ុន Royal Group Koh Rong Development Company បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សាងសង់ផ្លូវបេតុងអាមេកម្រាស់២.៥ដេស៊ីម៉ែត្រ ប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Sinohydro Corporation Limited ដែលត្រូវចំណាយថវិកាចំនួន ៣៥លានដុល្លារអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១០។
ការអភិវឌ្ឍន៍កោះរ៉ុងរបស់ក្រុមហ៊ុន Royal Group Koh Rong Development Company គឺជាការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិដ៏ប្រសើរមួយ រួមទាំងបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរឲ្យមានការងារធ្វើជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាជួលកោះរ៉ុង ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិ៕