(ស្វាយរៀង)៖ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុងបាវិត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅក្រុងបាវិត ខេត្តស្វាយរៀង ទទួលបន្ទុកតាមសង្កាត់ទាំង៥ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពី លោក ជ័យ សុន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង, លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះតាមសង្កាត់, ក្រុមប្រឹក្សាក្រុងបាវិត, គណៈអភិបាលក្រុងបាវិត, កងកម្លាំងប្រដាប់អាវុធ, មន្រ្តីរាជការជុំវិញក្រុង និងចៅសង្កាត់ទាំង៥ ក្នុងក្រុងបាវិត។
ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមការងារ នាពេលកន្លងមក ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋមូលដ្ឋាន ឆ្លើយតបនឹងគុណបំណាច់ដែលពួកគាត់បានផ្តល់សេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោតនាពេលកន្លងមកនេះ ក៏ដូចជាឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការសម្រេចបានតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៦ នៃរដ្ឋសភា។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងមូល ក៏ជាមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាននៅក្រុងបាវិត ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការចូលរួមបម្រើនូវសេវាសាធារណៈ និងជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំផ្សារភ្ជាប់ និងកសាងនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងស្អាតស្អំ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រជាពលរដ្ឋមូលដ្ឋាន។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីតួនាទីភារកិច្ចមួយចំនួនរបស់ក្រុមការងាររាជរដ្ឋាភិបាល ក្នុងការពង្រឹងទំនាក់ទំនងផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមមូលដ្ឋាន ព្រមទាំងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារ បន្តបង្កើនសកម្មភាពចុះមូលដ្ឋាន ដើម្បីស្វែងយល់សុខទុក្ខជុំវិញជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននានា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈម សំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ឲ្យបានសមស្រប និងទាន់ពេលវេលាផងដែរ។
លោកទេសរដ្ឋមន្រ្តី បានបន្តលើកឡើងថា ចាប់ពីពេលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្កើតឲ្យមានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីខេត្ត និងក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង ស្រុក ឃុំ សង្កាត់មក គឺបានដំណើរការធ្វើវេទិកាសាធារណៈនៅគ្រប់មូលដ្ឋានភូមិ ឃុំ សង្កាត់ ដើម្បីក្តាប់ស្ថានភាព បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហាមិនពេញចិត្ត និងការឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ ប្រជាពលរដ្ឋមូលដ្ឋានបានទាន់ពេលវេលា ជាពិសេសទៅទៀត បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលដល់គ្រប់មជ្ឈដ្ឋានដូចជា៖ ប្រជាពលរដ្ឋ មន្រ្តីរាជការ គ្រូបង្រៀន អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល បានយល់ដឹងស៉ីជម្រៅកាន់តែច្បាស់ថែមទៀត។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមក្នុងការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើង និងចូលរួមជួយសម្រាលបន្ទុកដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដោយត្រូវបង្កើនធ្វើសកម្មភាពជាមួយប្រជាពលរដ្ឋ បង្កភាពស្និតស្នាល ផ្សារភ្ជាប់គ្នាដូចជា៖ មានបុណ្យទាន មានជំងឺ ការសួរសុខទុក្ខ ឬការឧបត្ថម្ភ ជាដើម ជាពិសេសត្រូវបន្តលើកកម្ពស់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឲ្យបានជោគជ័យ៕