(ព្រះវិហារ)៖ ក្រោយពីបន្តភាពជោគជ័យជាបន្តបន្ទាប់នូវសក ម្មភាពរបស់ខ្លួន តាមបណ្តាខេត្តមួយចំនួន ដែលស្ថិតនៅក្នុងតំបន់ការធានធនធម្មជាតិ គម្រោងស្រូវត្រយង (Ibis Rice Scheme) នេះ បានបន្តពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀតមកកាន់ដែនជកម្រកសត្វព្រៃព្រះរកា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ស្ថិតនៅក្នុងភូមិភាគខាងជើង នៃប្រទេសកម្ពុជា។
ការពង្រីកគម្រោងស្រូវត្រយង របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) គឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រលើការអភិរក្ស និងការពារសត្វព្រៃ ព្រៃឈើ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ ក្រសួងបរិស្ថាន បានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋានរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុង និងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។
ការពង្រីកគម្រោងនេះត្រូវបានគាំទ្រដោយគម្រោងព្រៃឡង់បៃតង និងដៃគូសហការជា មួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមសត្វព្រៃ អង្គការសន្សំម្លប់ព្រៃ និងសហគមន៍មូលដ្ឋានដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។ បរិមាណផលិតស្រូវសត្វត្រយង ដែលបានទិញពីកសិករនៅក្នុងមូលដ្ឋានបានកើនឡើងបានកើនឡើងជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ផលិតផលស្រូវត្រយងបានទទួលវិញ្ញាបនបត្របញ្ជាក់ថាជាផលិតផលសរីរាង្គ និងមិត្តភាពសត្វព្រៃ ហើយសព្វថ្ងៃត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងទីក្រុង ហុងកុង ហើយនៅឆ្នាំ២០២១ គ្រោងនឹងនាំចេញទៅប្រទេសអង់គ្លេស និងអូស្ត្រាលី។ «ក្រសួងបរិស្ថាន បានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុង និងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។ ជាមួយគ្នាក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះគម្រោងស្រូវសត្វត្រយងដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដែលនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រការអភិរក្ស និងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព»។ នេះជាការលើកឡើងលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន នៅក្នុងអំឡុង នៃដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារសិក្សាស្វែងយល់ពីកិច្ចការពារ និងអភិរក្សធនធាន ធម្មជាតិក្នុងតំបន់នោះក្នុងរយៈពេល ២ថ្ងៃពោល គឺថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានចម្រុះ លោក នេត្រ ភក្រ្តា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «គម្រោងស្រូវត្រយងបានចូលរួមយ៉ាងច្រើនក្នុងកិច្ចការងារអភិរក្សជាពិសេសអភិរក្សសត្វត្រយងយក្ស ត្រយងចង្កំ-កស ដែលកំពុងជិតផុតពូជ នៅលើពិភពលោក។ ក្រៅពីនេះវាក៏គម្រោងស្រូវត្រយងបានរួមចំណែកក្នុងការការពារធនធានធម្មជាតិ នឹងអភិរក្សជីវៈចម្រុះនៅកម្ពុជា»។
លោក នេត្រ ភក្ត្រា បានថ្លែងថា «ប្រជាពលរដ្ឋចូលរួមក្នុងគម្រោងដាំស្រូវសង្រ្គោះសត្វព្រៃនេះ ចាំបាច់ត្រូវគោរពនូវលក្ខខណ្ឌចំនួន៤ សំខាន់គឺទី១៖ ការដាំស្រូវរបស់ពួកគាត់មិនត្រូវដាំលើផ្ទៃដីដែលពង្រីកថ្មី ដែលមានន័យថាមិនអនុញ្ញាត្តឱ្យមានទន្ទ្រានកាន់កាប់ដីព្រៃថ្មីទេនោះទេ, ទី២ ហាមបរបាញ់សត្វ, ទី៣៖ ហាមកាប់ឈើ និងទី៤៖ ហាមប្រើប្រាស់ជីគីមី សម្រាប់ការដាំដំណាំស្រូវរបស់ខ្លួន។ គោលការណ៍ទាំង៤នេះ គឺជាគ្រឹះនៃការអនុត្តគម្រោងដាំសង្រ្គោះសត្វព្រៃ» មន្ត្រីជាន់ខ្ពស់រូបនេះ បានរំឭកដែរថា ស្រូវសង្រ្គោះសត្វព្រៃ បានចាប់ផ្តើមឡើងនៅក្នុងខេត្តព្រះវិហារនេះ រួចហើយបានពង្រីកខ្លួនទៅកាន់តំបន់ការពារធនធានធម្មជាតិនានា ក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានការពង្រីកគម្រោងពីខេត្តព្រះវិហារ ទៅស្ទឹងត្រែង, ខេត្តមណ្ឌលគិរី ខេត្តរតនគីរី។ សរុបគ្រួសារដែលបានចូលរួមដាំគម្រោងស្រូវប្រភេទនេះ ក្នុងតំបន់ការពារធម្មជាតិ នៃខេត្តទាំងនោះមាន ១,៥០០គ្រួសារ។ សម្រាប់ទិន្នផលស្រូវដែលកសិករធ្វើបាន គឺមានគុណភាពល្អ ហើយត្រូវបានលក់ក្នុងតម្លៃមួយលើស ៥០ភាគរយ នៃតម្លៃទីផ្សារ។
លោកថាទាំងនេះដោយសារគាត់បានគោរពនូវគោលការណ៍ដែលបានដាក់ចុះដោយភ្ជាប់នឹងគោលការណ៍អភិរក្សហើយអតិថិជនដែលប្រើប្រាស់អង្គការស្រូវត្រយងប្រាថ្នា។ សព្វថ្ងៃផលិតផលស្រូវសង្រ្គោះសត្វព្រៃត្រូវបានគ្រប់គ្រង និងធ្វើអាជីវកម្មដោយក្រុមហ៊ុន Ibis Rice Conservation Company (IRCC) ដែលតាមរយៈអង្គការសមាគមអភិរក្សសត្វព្រៃ ទទួលខុសត្រូវក្នុងការទិញ និងលក់ផលិតផលស្រូវសត្វប្រភេទនេះទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។
លោកបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍ តំបន់ការពារធម្មជាតិមានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើមុខរបរចាស់ចូលព្រៃកាប់ឈើ ចូលព្រៃបរបាញ់សត្វ ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ បច្ចុប្បន្ននេះ ទេសចរក្នុងស្រុកមានកំណើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារ កំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។
បើតាមលោក ផាន់ ស៊ីថាន ជាទីប្រឹក្សាបច្ចេកទេសផ្នែកសហគមន៍ នៃអង្គការ WCS បានឱ្យដឹងថា គម្រោងកម្មវិធីស្រូវត្រយង បានអនុវត្តដំបូងនៅឆ្នាំ២០០៨ នៅភូមិត្មាតប៉ើយ ខេត្តព្រះវិហារ ហើយបច្ចុប្បន្ន ការអនុវត្តគម្រោងនេះ នៅខេត្តព្រះវិហា របាន ១៤ភូមិ និងបានពង្រីកទៅស្ទឹងត្រែង ហើយពេលនេះបានពង្រីកដល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្នុងចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ គម្រោងស្រូវសង្រ្គោះសត្វព្រៃមានទីផ្សារល្អ។ សម្រាប់នៅខេត្តព្រះវិហារ តែមួយគេទិញបានស្រូវសង្រ្គោះសត្វព្រៃបាន ៩០៥តោន។ ស្រូវប្រភេទនេះ ជាទូទៅគេបានកិនជាអង្ករហើយ ទើបបាននាំចេញ និងមួយចំនួនបានលក់នៅលើលទីផ្សារទំនើបក្នុងប្រទេសកម្ពុជា។ ស្រូវប្រភេទនេះ ជាទូទៅលក់ជាអង្ករឬផលិតជានំផ្សេងៗទើបនាំចេញ។
លោកបានបញ្ជាក់ថា ទីផ្សារស្រូវសង្រ្គោះសត្វព្រៃនេះ ភាគច្រើននាំទៅកាន់ទីផ្សារអឺរ៉ុប និងប្រទេសសិង្ហបុរី។
ដោយឡែក លោក ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារ បានសម្តែងការគាំទ្រចំពោះការបង្កើតស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ស្រូវត្រយ៉ង) នេះដែលជាការលើកស្ទួយជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតំបន់ការពារធនធានធម្មជាតិ។
អាជ្ញាធរខេត្តរូបនេះ បានចាត់ទុកថាការធ្វើស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ គឺជំហ៊ានមួយទៀតដែលជួយបន្ថែមចំណូលក្រៅពីប្រជាកសិករក្នុងការធ្វើស្រែប្រពៃណីរបស់ពួកគាត់ ហើយវាក៏ជាផ្នែកមួយក្នុងការរកចំណូលខ្ពស់នៃការរកចំណូលពីការធ្វើស្រែប្រភេទថ្មីនេះដែរ ពីព្រោះថាស្រូវប្រភេទថ្មីនេះមានតម្លៃខ្ពស់ជាងស្រូវធម្មតារបស់ពួកគាត់បានធ្វើកន្លងមក ហើយចំពោះទីផ្សារក៏ងាយរកថែមទៀត។
ជាមួយគ្នានេះដែរ លោកបានលើកឡើងដោយបញ្ជាក់ថាស្រូវប្រភេទនេះធ្វើបានផលលឿន ទិន្នផលខ្ពស់ហើយតម្លៃខ្ពស់ដែលជួយលើកស្ទួយឱ្យកាន់តែធូរធា។ ស្រូវប្រភេទនេះប្រើក្នុងរយៈពេល ៣ខែ អាចទទួលបានផលហើយ។
យ៉ាងណាក្តីលោកបានបញ្ជាក់ដែរថា «បច្ចុប្បន្ននេះ អ្វីដែលប្រជាពលរដ្ឋកំពុងប្រឈមនោះគឺការធ្វើស្រែដោយនៅពឹងផ្អែកទៅលើទឹកភ្លៀងនៅឡើយ ហើយបើភ្លៀងពុំគ្រប់គ្រាន់ទេ ទិន្នផលស្រូវរបស់ពួកគាត់ក៏ធ្លាក់ចុះដែរ។ ទោះបីយ៉ាងណានាថ្ងៃខាងមុខនេះ អាជ្ញាធរខេត្តនឹងរកវិធីដោះស្រាយជូនបងប្អូនសំដៅធ្វើយ៉ាងណាឱ្យបងប្អូនមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ក្នុងការធ្វើស្រែ»។
គួរបញ្ជាក់ថា គម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃព្រះរកា កំពុងត្រូវបានអនុវត្តរួមគ្នាដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) សហការជាមួយក្រសួងបរិស្ថាន។ ការបង្កើតគម្រោងនេះដែរ គោលបំណងសំខាន់ ដើម្បីបង្កើនជីវភាពរបស់ប្រជាសហគមន៍ និងទប់ស្កាត់ការទន្ទ្រានដីព្រៃមិនឱ្យប្រជាសហគមន៍រុករានចូលក្នុងតំបន់ការពារធម្មជាតិឡើយ៕