(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១១ ខែមិថុនា បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៧នាក់បន្ថែមទៀត ខណៈអ្នកជំងឺ២នាក់ បាព្យាបាលជាសះស្បើយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបានបានឱ្យដឹងថា ករណីទី១ ដល់ទី២០ គឺជាករណីឆ្លងរាលដាលក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពមកពីស្រុកជីក្រែង។
ចំពោះករណីទី២២ ដល់ទី២៧ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។
ដោយឡែកករណីទី២១ គឺជាករណី អ្នកធ្វើដំណើរមកពីខេត្តប៉ៃលិន មានមុខរបរជាអ្នកចងការប្រាក់ ហើយមានទំនាក់ទំនងជាច្រើនជាមួយអ្នកចងការ ឬអ្នកខ្ចីប្រាក់នៅក្នុងក្រុងសៀមរាប ដែលប្រការនេះជាករណីមានការព្រួយបារម្ភខ្ពស់ផងដែរ។
នៅថ្ងៃម្សិលមិញមានអ្នកជំងឺ២នាក់ បានព្យាបាលជាសះស្បើយផងដែរ។ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យពួកគេចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣៧០នាក់។ ក្នុងនោះជាសះស្បើយចំនួន ១០៧នាក់ ស្លាប់ចំនួន៣នាក់ និង២៦០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប ស្នើឱ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕