(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការជួសជុលសារមន្ទីរ ព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១% នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយយោងទៅ លើអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងភាគី៤ គឺអាជ្ញាធរជាតិអប្សរា មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង សាកលវិទ្យាល័យសូហ៊្វីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។ តាមខ្លឹមសារនៃកិច្ចសន្យានេះ មូលនិធិក្លឹប១% នៃក្រុមហ៊ុនអ៊ីអុងនឹងទទួលបន្ទុកចំណាយទាំងស្រុង លើការងារជួសជុល ដំបូលលិចទឹក ជញ្ជាំងជ្រាបទឹក លាបថ្នាំ ជួសជុលបង្អួច និងកម្រាលឥដ្ឋសាលពិព័រណ៍។ អាជ្ញាធរជាតិអប្សរា នឹងទទួលបន្ទុកដឹកជញ្ជូនចម្លាក់មុន និងក្រោយការងារជួសជុល សម្របសម្រួលការងារផ្សេងៗ និងចូលរួមជួសជុលចំណុចផ្សេងៗទៀត តាមលទ្ធភាពជាក់ស្តែង។ ចំណែកសាកលវិទ្យាល័យសូហ្វ៊ីយ៉ា នឹងទទួលបន្ទុកផ្តល់ប្រឹក្សា លើការងារជួសជុល និងលើដំណើរការពិព័រណ៍ សារមន្ទីរបន្ទាប់ពីជួសជុលហើយ។
ប្រធានក្រុមប្រឹក្សាភិបាល នៃក្លឹបមូលនិធិអ៊ីអុង១% លោក Hiroshi Yokoo បញ្ជាក់ក្នុងពិធីចុះហត្ថលេខានេះថា ការរួមចំណែកនៃក្លឹប១% របស់ក្រុមហ៊ុនអ៊ីអុង គឺជាសកម្មភាព ដើម្បីតបស្នងដល់សង្គម។ លោកថា «ការដែលយើងបានមកជួសជុលម្តងទៀតនេះ វាជាមោទនភាពរបស់យើង វាធ្វើឲ្យយើងសប្បាយចិត្ត ធ្វើឲ្យចិត្តយើងជ្រះថ្លា ដូចបានធ្វើបុណ្យទានផ្សេងៗដែរ»។ លោកបន្ថែមថា ការងារជួសជុលអាចនឹង ចាប់ផ្តើមឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់ នៅអំឡុងពាក់កណ្តាល ឆ្នាំ២០១៧ខាងមុខ។
លោក ស៊ុំ ម៉ាប់ បានសម្តែងថ្លែងអំណរគុណ និងអបអរសាទរចំពោះក្លឹបមូលនិធិអ៊ីអុង១% ដែលតែងយកចិត្តទុកដាក់ដល់ការងារអភិរក្សបេតិកណ្ឌវប្បធម៌ ជាមួយអាជ្ញាធរជាតិអប្សរា ក៏ដូចជួយបណ្តុះបណ្តាលធនធានមនុស្ស។ មិនត្រឹមតែសារមន្ទីរប៉ុណ្ណោះទេ នៅឆ្នាំ២០០៣កន្លងមក មូលនិធិនេះក៏បានចូលរួមដាំសួនឈើ អនុស្សាវរីយ៍មួយកន្លែង នៅក្បែរសួនគ្រឿងទេស នៃអាជ្ញាធរជាតិអប្សរាផងដែរ។
លោកបានបន្ថែមទៀតថា តទៅខាងមុខ អាជ្ញាធរជាតិអប្សរា មានជំនឿយ៉ាងមុតមាំថា មូលនិធិនេះនឹងចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងជួយថែរក្សាអភិរក្សបេតិកភណ្ឌពិភពលោក ក៏ដូចជាការជួយលើកតម្កើង ជីវភាពប្រជាជនក្នុងរមណីយដ្ឋានអង្គរ តាមរយៈក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរាជាដើម។
សារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានកសាងឡើងនៅឆ្នាំ២០០៧ ក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដោយ «មូលនិធិនៃក្លឹប១%» របស់ក្រុមហ៊ុនអ៊ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា កាលពីឆ្នាំ២០០០ និង២០០១នៅប្រាសាទបន្ទាយក្តី៕