(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានប្រាប់ Fresh News ថា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល នឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតិស្រវឹង ៧ទីតាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្ត២២គោលដៅ ដើម្បីការពារអាយុជីវិតពលរដ្ឋខ្មែរពីគ្រោះថ្នាក់ចរាចរណ៍ ដោយសារការបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង។

លោកឧត្តមសេនីយ៍​ឯក រុន រ័ត្នវាសនា បានឲ្យដឹងថា គោលដៅទាំង ៧នៅក្នុងរាជធានីភ្នំពេញរួមមាន៖ ខណ្ឌ៧មករា ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ (២គោលដៅ) ខណ្ឌច្បារអំពៅ និងខណ្ឌព្រែកព្នៅ។

រីឯតាមបណ្តាខេត្តវិញរួមមាន៖ ខេត្តតាកែវ (៥គោលដៅ), ខេត្តត្បូងឃ្មុំ (១គោលដៅ), ខេត្តកំពង់ធំ (១គោលដៅ), ខេត្តសៀមរាប (១គោលដៅ), ខេត្តស្វាយរៀង (៤គោលដៅ), ខេត្តកំពង់ស្ពឺ (២គោលដៅ), ខេត្តកណ្តាល (៣គោលដៅ) និង ខេត្តកំពត (៥គោលដៅ) ។

សូមបញ្ជាក់ថា ដើម្បីការពារអាយុជីវិតអ្នកដំណើរលើដងវិថី​ ពីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយសារការបើកបរក្រោមឥទ្ធិពល ជាតិស្រវឹងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃជាសេនាធិការ បានដាក់ពង្រាយកម្លាំង​ នគរបាលចរាចរណ៍ត្រួតពិនិត្យជា រៀងរាល់យប់ចាប់ពីម៉ោង ៩យប់ រហូតដល់ម៉ោង ៣ទៀបភ្លឺ ទាំងនៅក្នុងរាជធានីភ្នំពេញ និងដងផ្លូវជាតិសំខាន់ៗតាមបណ្តាខេត្ត។

ការដាក់ចេញវិធានការទប់ស្កាត់ការ​ បើកបរក្រោមឥទ្ធិពលជាតិស្រវឹងនេះ បានធ្វើឲ្យអ្នកបើកបរជាច្រើនចាប់ផ្តើមខ្លាចរអា ហើយរាល់ ការសេពគ្រឿងស្រវឹង ពួកគេតែងនឹកគិតជានិច្ចដល់ ការផាកពិន័យរបស់កម្លាំងនគរបាល។ និន្នាការនេះ ត្រូវបានគេមើលឃើញថា  អាចចូលរួមចំណែកច្រើន ក្នុងការបន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្រោមឥទ្ធិពលជាតិស្រវឹង។

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានកំណត់ថា ជនណា បើកបរយានយន្តស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានជាតិអាល់កុល ចាប់ពី ០.៤០មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឬ ចាប់ពី០.៨០ក្រាម ក្នុងមួយលីត្រ ឈាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨សែនរៀល ទៅ ៤លានរៀល៕