(ភ្នំពេញ)៖ វគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន «ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» ដល់មន្ត្រីបង្គោលគណៈកម្មការសុខភាពសិក្សារាជធានី ខេត្ត ស្រុក និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូគោលដៅ និងគរុសិស្សនៅសាលាគរុកោសល្យ និង វិក្រឹតការខេត្តចំនួន១០ រាជធានី-ខេត្ត បានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ បន្ទាប់ពីបានដំណើការរយៈពេល៣ថ្ងៃ។
វគ្គបំប៉ននេះដែរប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដែលមានសិក្ខាកាមចូលរួមជិត១០០នាក់ មកពីរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ កំពត ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្មអប់រំ និងស្តារនីតិសម្បទានៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណររគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរួមគ្នាទាំងថ្នាក់ដឹកនាំ អ្នករៀបចំ អង្គការ Plan International Cambodia គ្រូឧទ្ទេស ទាំងសិក្ខាកាមទាំងអស់ធ្វើឱ្យវគ្គបំប៉នទទួលបានជោគជ័យ ហើយព័ត៌មានពិត ពីបញ្ហានៃគ្រឿងញៀន នឹងត្រូវចែករំលែក ដល់សិស្សានុសិស្សទាំងអស់គ្នា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបំប៉ននេះ បញ្ចប់ទៅដោយទទួល បានលទ្ធផលតាមការរំពឹងទុក សិក្ខាកាមទទួលបានចំណេះដឹង ជំនាញ និងមានសមត្ថភាពក្នុងការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន «ការបង្ការការទប់ស្កាត់ គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» កសាងបាននូវធនធានមនុស្ស ទៅបង្រៀនបន្តដល់ក្រុមគោលដៅប្រកបដោយមានប្រសិទ្ធភាព។
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដែរថា មានតែការចូលរួមទាំងអស់គ្នាទេ ដែលធ្វើឱ្យយើងអាចប្រយុទ្ធបានជោគជ័យ លើសមរភូមិ កំចាត់សត្រូវរួមរបស់យើងគឺ គ្រឿងញៀន គ្មានគ្រឿងញៀន សហគមន៍សុខសាន្ត មានសុវត្ថិភាព និងការអភិវឌ្ឍដោយចីរភាព។
លោកស្រី ស កញ្ញា តំណាងសិក្ខាកាមវគ្គបំប៉ន បានថ្លែងដែរថា វគ្គបំប៉ននេះពិតជាបានផ្តល់ចំណេះដឹង និងវិធីសាស្រ្តបង្រៀន ដែលជាទុនទៅដល់បុគ្គលិកអប់រំ អាចយកទៅបង្រៀន បន្តប្រកបដោយជោគជ័យ។ អ្នកស្រីក៏បានប្តេជ្ញាចិត្តយកចំណេះដឹង ដែលទទួលបាននេះទៅបង្រៀនដល់សហការីក៏ដូចជាគ្រូបង្រៀន នៅតាមគោលដៅក្នុងមូលដ្ឋានឱ្យបានយល់កាន់តែច្បាស់ ហើយនាំគ្នាកសាងធនធានមនុស្សឲ្យឃ្លាតចាកចេញឆ្ងាយពីគ្រឿងញៀន៕