(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ លោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអនុញ្ញាតឱ្យលោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងពេលរូបលោក នឹងត្រូវបញ្ចប់បេសកកម្មការទូតក្នុងពេលខាងមុខនេះ។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណ លោកកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការអនុញ្ញាតឱ្យរូបលោកចូលសម្តែងការគួរសម និងជម្រាបលា។ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនលោកកិត្តិនីតិកោសលបណ្ឌិត អំពីទំនាក់ទំនងល្អរវាងបក្ស និងរដ្ឋ នៃប្រទេសទាំងពីរ ពិសេសទំនាក់ទំនងល្អនេះបានធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការរំភើបរីករាយចំពោះទិដ្ឋភាពនៃការអភិវិឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។ ជាពិសេសកម្ពុជាក្លាយជាប្រទេសទី១ លើសាកលលោក ដែលមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧ភាគរយ ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ដែលបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងការ កសាងប្រទេសជាតិ។
ជាចុងក្រោយ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនលោកកិត្តិនីតិកោសលបណ្ឌិត អំពីបទពិសោធន៍ការងារ និងអនុស្សាវរីយ៍ល្អៗ ដែលលោកទទួលបានក្នុងពេលស្នាក់នៅ និងបំពេញបេសកកម្មការទូតនៅកម្ពុជា។ លោកបន្តថា បើទោះបីជាលោកបានបញ្ចប់បេសកកម្មក្នុងពេលដ៏ខ្លីខាងមុខនេះមែន ប៉ុន្តែលោកនឹងចងចាំនូវទំនាក់ទំនងល្អៗជាមួយប្រទេស និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោកកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងនូវអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត រួមនឹងគណៈប្រតិភូដែលបានអញ្ជើញចូលសម្តែងការគួរសម និងជម្រាបលាក្នុងពេលនេះ។ លោកកិត្តិនីតិកោសលបណ្ឌិត បានថ្លែងកោតសរសើរចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលលោកឯកអគ្គរដ្ឋទូត ខិតខំសម្រេចបានក្នុងបេសកកម្មការទូតនៅកម្ពុជា ក្នុងការរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាព និងសហប្រតិបត្តការ ប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពី។ ជាពិសេសលើកំណត់ត្រានៃសមិទ្ធិផលគួរឲ្យអបអរសាទរ គឺសម្រេចបាននូវគោលដៅផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២ លើសផែនការ ៥ពាន់លានដុល្លារ នៅឆ្នាំ២០២០ ទោះបីក្នុងសភាពការណ៍ទទួលរងឥទ្ធិពល នៃវិបត្តសុខភាពសកលក្តី។
ជាមួយគ្នានេះ លោកកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាម ដែលទទួលបានជោគជ័យដ៏ធំធេងក្នុងការបោះឆ្នោតនីតិកាលទី១៥នៃរដ្ឋសភា កាលពីពេលកន្លងទៅថ្មីៗនេះ ទោះនៅក្នុងកាលៈទេសៈកូវីដក្តី ដែលបង្ហាញឱ្យឃើញនូវការជឿជាក់របស់ប្រជាពលរដ្ឋវៀតណាម លើមាគ៌ាដឹកនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ហើយបានចូលរួមបោះឆ្នោតប្រកបដោយសាមគ្គីភាពនិងឯកភាព ជាកម្លាំងមួយដែលនឹងជំរុញ ការរីកចម្រើនសេដ្ឋកិច្ច និងសង្គមវៀតណាម ឆ្ពោះទៅសម្រេចផែនការឆ្នាំ២០៤៥ ធ្វើឲ្យប្រទេសវៀតណាមក្លាយ ជាប្រទេសអភិវឌ្ឍមានចំណូលខ្ពស់៕