(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោកស្រី លី អាយឡាន បានថ្លែងថា អ្នកជក់បារី ងាយនឹងឆ្លងជំងឺកូវីដ១៩ ដោយសារការជក់បារី បានយកម្រាមដៃ និងបារី ដែលមានជាតិកខ្វក់មកប៉ះជាមួយបបូរមាត់ ដែលបង្កើនលទ្ធភាពនៃការឆ្លងវីរុសកូវីដ១៩ ពីដៃទៅមាត់។
លើសពីនោះ អ្នកជក់បារី ក៏អាចមានជំងឺសួតទៅហើយ ឬសមត្ថភាពសួតចុះខ្សោយ ដែលជាកត្ដាអាចបង្កើនហានិភ័យខ្ពស់នៃការឆ្លង និងឈឺធ្ងន់ធ្ងរ។ លោកស្រីថ្លែងបែបនេះ ក្នុងពេលរួមដំណើរជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅខណ្ឌសែនសុខ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកស្រី លី អាយឡាន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «តាមការសិក្សាបង្ហាញថា អ្នកដែលមានជំងឺប្រចាំងាយឆ្លងជំងឺកូវីដ១៩ និងមានសភាពធ្ងន់ធ្ងរ ជាពិសេសអ្នកប្រើប្រាស់ថ្នាំជក់ ឬអ្នកជក់បារី ភាគច្រើនគាត់មានបញ្ហាលើសួតរបស់គាត់ទៅហើយ។ កត្ដាហានិភ័យមួយទៀត គឺអ្នកជក់បារី គាត់យកដៃកាន់បារី ទៅប៉ះដោយផ្ទាល់ជាមួយមាត់ញឹកញាប់ ហើយបើដៃគាត់ និងបារី ប៉ះពាល់នឹងវីរុសកូវីដ១៩ គឺមានឱកាសច្រើននៃការចម្លងមេរោគនេះ បើបូកជាមួយនឹងស្ថានភាពសួតមិនល្អស្រាប់»។
លោកស្រី គូសបញ្ជាក់ទៀតថា «ការប្រើប្រាស់ផលិតថ្នាំជក់ ដូចជាជក់តាមបំពង់បឺតមានទឹក ជាញឹកញាប់អ្នកប្រើប្រាស់មានចែករំលែកទុយោបឺត ពីមាត់មួយ ទៅមាត់មួយទៀត ដែលជាភ្នាក់ងារចម្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ និងបរិយាកាសសង្គម។ តាមការស្រាវជ្រាវបស់អង្គការសុខភាពពិភពលោក ស្ដីពីការជក់បារី និងជំងឺកូវីដ១៩ បានរកឃើញថា ការជក់បារី មានជាប់ពាក់ព័ន្ធនឹងកំណើនភាពធ្ងន់ធ្ងរនៃករណីជំងឺ និងករណីស្លាប់ទៅលើអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។
លោកស្រី លី អាយឡាន បានអំពាវនាវដល់ពលរដ្ឋកម្ពុជា សូមកុំចាប់ផ្ដើមជក់បារី ឬកុំជក់បារី ហើយចំពោះអ្នកដែលជក់ សូមលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ ឬការជក់បារី ព្រោះនេះជាការរួមចំណែកយ៉ាងធំ ក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩។
ជាងនេះទៅទៀត បារី ឬថ្នាំជក់នេះ ជាមូលហេតុដែលបានសម្លាប់មនុស្សជាង ៨លាននាក់ជារៀងរាល់ថ្ងៃ នៅលើពិភពលោក។ សម្រាប់នៅកម្ពុជា មានប្រជាជនជាង ១៥,០០០នាក់ បានបាត់បង់ជីវិត ដោយតែការប្រើប្រាស់ថ្នាំជក់ ដោយផ្ទាល់ និងការស្រូបផ្សែងបារីពីគេផងដែរ។
ក្នុងឱកាសនោះ លោកស្រី លី អាយឡាន ក៏បានរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដែលបានយកចិត្ដទុកដាក់លើកកម្ពស់ការងារត្រួតពិនិត្យ ថ្នាំជក់ដើម្បីការពារប្រជាជន ពិសេសអ្នកជក់បារី លះបង់ការជក់បារី ព្រោះថាបើយើងជួយឱ្យប្រជាជនលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់នេះ គឺជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩នេះផងដែរ ក្នុងបរិបទរីករាលត្បាតជំងឺកូវីដ១៩ នៅលើពិភពលោកនេះ។
លោកស្រីបានថ្លែងបន្ដទៀតថា កម្ពុជាបានធ្វើកិច្ចការងារត្រួតពិនិត្យផ្សព្វផ្សាយពីផលប៉ះពាល់បារី ឬថ្នាំជក់នេះបានយ៉ាងល្អ។ ការថ្លែងដូច្នេះរបស់តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក្នុងឱកាសដែលលោកស្រីបានឃើញដោយផ្ទាល់នឹងភ្នែកថា ពេលធ្វើដំណើរទៅទីកន្លែងផ្សេងៗនៅកម្ពុជា មិនបានជួបនូវផ្សែងបារី ដែលបង្ហាញថា អត្រាជក់បារីនៅកម្ពុជា មានកម្រិតទាប ហើយលោស្រីក៏សង្ឃឹមថា នឹងកាន់តែថយចុះទៅៗ។
សូមជម្រាបថា កម្ពុជាទទួលបានពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២១ ពីអង្គការសុខភាពពិភពលោក ដែលបានប្រារព្ធពិធីទទួលពានរង្វាន់នេះ កាលពីព្រឹកមិញនេះ នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងវត្ដមានរបស់លោកស្រី លី អាយឡានផ្ទាល់តែម្ដង៕