(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការស្លាប់បុរសម្នាក់ អាយុ៣៨ឆ្នាំ ដោយសារជំងឺកូវីដ១០ នៅមន្ទីរពេទ្យមេគង្គខេត្តកំពង់ចាម។
អ្នកជំងឺកូវីដ១៩ ដែលបានទទួលមរណភាពនេះ ឈ្មោះ ឈិន វ៉ា រស់នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយរោគវិនិច្ឆ័យលើសឈាម។
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គខេត្តកំពង់ចាម។ ដោយការវិវត្ត នៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៉ីនជំនួយដង្ហើមផងនោះ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ក៏ទទួលមរណភាពនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺបានស្លាប់ដោយសាររោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩ និងមានជំងឺលើសឈាមរ៉ាំរ៉ៃ៕