Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃុំចំនួន៨ក្នុងស្រុកសូទ្រនិគម ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍

11-06-2021 17:01

(សៀមរាប)៖ នារយៈចុងក្រោយនេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ជាបន្តបន្ទាប់ ក្នុងនោះតំបន់ដែលផ្ទុះខ្លាំង គឺនៅស្រុកសូទ្រនិគម និងស្រុកជីក្រែង។ ឃុំចំនួន៨ នៃស្រុកសូទ្រនិគម បានកំពុងផ្ទុះការឆ្លងរាលដាលជាសហគមន៍។

អភិបាលស្រុកសូទ្រនិគម លោក ម៉ក់ ប្រុស បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឃុំចំនួន៨ ក្នុងចំណោម១០ បានផ្ទុះការរាលដាលជាសហគមន៍នៃជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ឃុំ២ដែលមិនទាន់មានករណីឆ្លង មានឃុំពពេល និងឃុំខ្នារពោធិ៍។

តាមការបញ្ជាក់ពីលោកអភិបាលស្រុក បច្ចុប្បន្នស្រុកសូទ្រនិគមមានអ្នកជំងឺកូវីដ១៩ សរុប ៧០នាក់។ ដោយសារករណីឆ្លងរាលដាលមានសភាពធ្ងន់ធ្ងរ និងដោយមានការគិតគូរពីអភិបាលខេត្ត បានរៀបចំកន្លែងព្យាបាលអ្នកជំងឺនៅបរិវេណវិទ្យាល័យដំដែក។ លោក ម៉ក់ ប្រុស បញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១០ មិថុនា មានអ្នកជំងឺសរុប ១០៩នាក់ ដែលកំពុងស្នាក់នៅនិងព្យាបាលក្នុងអាគារចំនួន៥ ក្នុងវិទ្យាល័យដំដែក។

ទាក់ទងនឹងការបិទខ្ទប់ និងបែងចែកតំបន់មានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ក្នុងស្រុក លោក ម៉ក់ ប្រុស បញ្ជាក់ថា អាជ្ញាធរបានសម្របសម្រួលច្រើនក្នុងតំបន់ទាំងនោះ ដូចជាឱ្យមានការចរាចរណ៍ទំនិញចេញចូលជាធម្មតា ដោយរិតត្បិតករណីប្រជាជនធម្មតាដែលស្នាក់នៅតែផ្ទះប៉ុណ្ណោះ។ លោកពន្យល់ថា «ឃុំកំពង់ឃ្លាំង ការដឹកត្រី និងទិន្នផលសណ្ដែក ទំនិញធំៗ ឱ្យចេញចូលធម្មតា តែត្រូវបង្ហាញព័ត៌មានឱ្យបានត្រឹមត្រូវ»

លោកបញ្ជាក់ថា ឃុំកំពង់ឃ្លាំងមានចំនួន ៩ភូមិ មានប្រជាជនសរុបជាង ២ពាន់គ្រួសារ និងប្រជាជនសរុប ជាង១ម៉ឺននាក់។

ការផ្ទុះជំងឺកូវីដក្នុងសហគមន៍ស្រុកសូទ្រនិគម ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចខ្លាំងក្នុងមូលដ្ឋានស្រុកនេះ។ លោក ម៉ក់ ប្រុស អះអាងថា ពលរដ្ឋខ្លះមានការភ័យខ្លាច បិទទ្វារផ្អាកលក់ដូរ មិនសូវចេញក្រៅច្រើន ជាក់ស្ដែងនៅផ្សារដំដែក ទោះអាជ្ញាធរមិនបានបិទ តែអាជីវករប្រមាណ៣០ ទៅ៤០ភាគរយ បានបិទតូបដោយខ្លួនឯង។

ទោះជាយ៉ាងណា លោកអភិបាលស្រុកប្រាប់ថា អាជ្ញាធរបានចុះផ្សព្វផ្សាយ និងបិទថ្នាំសម្លាប់មេរោគនៅតាមផ្សារ កន្លែងសំខាន់ៗ ដែលពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ ហើយការងារចុះបាញ់ថ្នាំនេះ នឹងធ្វើឡើងទូទាំងស្រុកតែម្ដង៕