(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសពីជោគជ័យលើកដំបូង លើការធ្វើអាជីវកម្ម រ៉ែមាស ដែលអាចផលិតមាសសុទ្ធ បានប្រមាណ៣តោន ក្នុងមួយឆ្នាំ ខណៈដំណើរការ ការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១តទៅ ដែលស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជុំវិញនឹងការទទួលបាននូវជោគជ័យថ្មី នៃអាជីវកម្មរ៉ែមាសនេះ ពាណិជ្ជករល្បីៗ និងអ្នកជំនាញសេដ្ឋកិច្ចរបស់កម្ពុជា សុទ្ធបង្ហាញនូវមោទនភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការទទួលបានប្រភពធនធាន ចំណូលថ្មីបន្ថែមទៀត សម្រាប់ជួយជំរុញការរីកចម្រើន នៃសេដ្ឋកិច្ច។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ភាគជោគជ័យ នៃការទាញយកបានរ៉ែមាសនេះ គឺជាផលដ៏ល្អសម្រាប់កម្ពុជា ក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ច តាមរយៈបង្កើនចំណូលជូនរាជរដ្ឋាភិបាល។
លោកលើកឡើងថា «ខ្ញុំយល់ថា ការរកឃើញរ៉ែមាស និងអាចប្រមូលផលពីរ៉ែមាសនេះ គឺជាភាពជោគជ័យមួយនៃការប្រើប្រាស់ ធនធានធម្មជាតិរបស់កម្ពុជា នេះជាអំណោយផល និងជាកត្ដាមួយជំរុញឲ្យមានកំណើនរបស់ប្រទេសកម្ពុជា តាមរយៈចំណូលរបស់រាជរដ្ឋាភិបាល ដែលនឹងហរិញ្ញប្បទានទៅវិញ តាមរយៈការយកមកកសាងផ្លូវ សាលារៀន និងមន្ទីរពេទ្យ»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា ប្រភពចំណូលពីរ៉ែមាសនេះ នៅក្នុងសេដ្ឋកិច្ចគេហៅថា គឺជាចំណូលមូលធន ដែលបានមកពីធនធាន ដោយមិនមែន ជាចំណូលសារពើពន្ធ ដែលចំណូលនេះ ជាចំណូលបន្ថែម ដោយសារតែយើងពិនិត្យមើលទៅលើថវិកាជាតិ គឺចំណូលរបស់រាជរដ្ឋាភិបាល មានចំនួន២ រួមមាន៖ ចំណូលសារពើពន្ធ និងចំណូលមូលធន។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាពាណិជ្ជករដ៏ល្បីឈ្មោះ បានឲ្យដឹងថា ចំណូលថ្មីពីអាជីវកម្មរ៉ែមាសនេះ គឺជាវត្ថុដ៏មានតម្លៃ ដែលមានផលប្រយោជន៍ និងជាប្រវិត្ដសាស្ដ្ររបស់កម្ពុជា ហើយបើយើងផលិតអាជីវកម្មរ៉ែមាសនេះ បានជារៀងរាល់ឆ្នាំ នេះជារឿងដ៏ល្អសម្រាប់ទ្រទ្រង់ និងរក្សាសន្ដិសុខហរិញ្ញវត្ថុ នៃថវិកាជាតិ។
ឧកញ៉ា លឹម ហេង បានបន្ដទៀតថា ចំណូលបានពីរ៉ែធម្មជាតិនេះ គឺជាចំណូលមិនមែនសារពើពន្ធ អាចរក្សាលំនឹងសេដ្ឋកិច្ច ក្នុងរក្សាពេលយូរអង្វែង បើសិនជាកម្ពុជា នៅតែផលិតបានហើយចំណូលដែលបានមក ពីមិនមែនសារពន្ធនេះ ធ្វើឲ្យមានលំនឹងសេដ្ឋកិច្ចកម្ពុជាល្អ។ ដូច្នេះ បើសិនជាកម្ពុជា រកចំណូលបានពីធនធាន ធម្មជាតិផ្សេងទៀត ធ្វើឲ្យកម្ពុជា កាន់តែរក្សាបាននូវសន្ដិសុខថវិកាជាតិ។
ឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថានេះជារឿងដ៏ល្អបំផុត សម្រាប់ប្រទេសកម្ពុជា និងជាដំណឹង ជាប្រវិត្ដសាស្ដ្រ ដែលកូនខ្មែរ ក៏ដូចជាអាជីវករ ទាំងអស់ អបអរសារទរ។ ខ្ញុំជឿថា ក្រោយពីកម្ពុជា ទទួលបានរ៉ែមាសនេះ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នឹងមានការអភិវឌ្ឍន៍ជឿនលឿន»។
អ្នកឧកញ៉ា សៀ រិទ្ធី ដែលគេស្គាល់ថា ជាសេដ្ឋីអភិវឌ្ឍន៍អចលនទ្រព្យ ដ៏ល្បីឈ្មោះនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Worldbridge Group បានលើកឡើងថា «វាជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ក្នុងយុគសម័យរបស់សម្ដេចតេជោ ហ៊ុន សែន ដោយមុនៗមក មិនដែលធ្លាប់មាន កាលណាអាចរុករករ៉ែមាសបានរដ្ឋនឹងទទួលបានចំណូល»។
អ្នកឧកញ៉ា សៀ រិទ្ធី បានបន្ដថា ការចាប់ផ្តើមអាជីវកម្មរ៉ែមាសនេះ ក៏ជាភាពទាក់ទាញសម្រាប់អ្នករកស៊ីខាងធនធានរ៉ែ ក៏សម្លឹងមកកម្ពុជាបន្ថែមទៀត ហើយក៏អាចបង្កើតកម្លាំងពលកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការងារធ្វើបន្ថែមទៀត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការទាញបានរ៉ែមាសនេះ អាចបង្ហាញទៅកាន់ពិភពលោកឲ្យបានដឹងថា កម្ពុជាមានធនធានរ៉ែមាស ដែលអាចទាញបាន ដូច្នេះការវិនិយោគថ្មីៗក៏នឹងអាចកើតមានឡើងថែមទៀតផងដែរ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រ៉ែមាស ដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ ហើយថវិកាទាំងនេះ នឹងត្រូវយកមក ប្រើប្រាស់ ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ក្រុមហ៊ុនដែលអនុញ្ញា ឲ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករក អស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។ រ៉ែមាស ដែលក្រុមហ៊ុន បានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធ បានប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង៕