(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក បានផ្ដល់ពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាក់ថ្នាំជក់ឆ្នាំ២០២១ ជូនកម្ពុជា ដែលបានប្រារព្ធពិធីទទួលពានរង្វាន់នេះ នៅក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
ការប្រារព្ធពិធីទទួលពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាំជក់នេះ ក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោកស្រី លី អាយឡាន និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមទាំងអភិបាលរងខេត្ដកំពង់ចាម និងមន្ទីរសុខាភិបាលខេត្ដកំពង់ចាម។
តំណាងអង្គការសុខាភាពពិភពលោក ប្រចាំកម្ពុជា លោកស្រី លី អាយឡាន បានថ្លែងអបអរសាទរ ចំពោះការទទួលបាននូវពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាក់ថ្នាំជក់ ឆ្នាំ២០២១នេះ ដល់កម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា ក្រោមការខិតខំប្រឹងប្រែង និងជំរុញតាមដានការងារយ៉ាងយកចិទ្ដទុកដាក់ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។
លោកស្រី លី អាយឡាន បានគូសបញ្ជាក់ថា «ជារៀងរាល់ឆ្នាំ អង្គការសុខភាពពិភពលោក បានប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ ហើយឆ្នាំនេះ កម្ពុជាបានទទួលពាន់រង្វាន់ចំនួន២ ក្នុងចំណោមពានរង្វាន់ចំនួន ៦របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ ។ពាន់រង្វាន់ទីមួយ គឺសម្រាប់ក្រសួងសុខាភិបាល និងមួយទៀត សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលនេះជាជោគជ័យដ៏ធំ សម្រាប់កម្ពុជា ក្នុងការងារត្រួតពិនិត្យថ្នាំជក់ ដែលបានធ្វើកន្លងមក»។
លោកស្រីបន្ដថា «យើងដឹងហើយថា ថ្នាំជក់ជាមូលហេតុដែលបានសម្លាប់មនុស្សជាង ៨លាននាក់ជារៀងរាល់ថ្ងៃ នៅលើពិភពលោក ដែលយើងអាចការពារបាន។ នៅកម្ពុជា មានប្រជាជនជាង ១៥,០០០នាក់ បានបាត់បង់ជីវិត ដោយតែការប្រើប្រាស់ថ្នាំជក់ ដោយផ្ទាល់ និងការស្រូបផ្សែងបារីពីគេ។ ប៉ុន្ដែបច្ចុប្បន្ននេះ ខ្ញុំសង្កេតឃើញថា ការប្រើប្រាស់ថ្នាំជក់ និងការជក់បារីនៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់»។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងផងដែរថា ក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា នៅក្នុងការការពារសុខភាពប្រជាជន ពីគ្រោះថ្នាក់នៃផ្សែងផលិតតផលថ្នាំជក់ បានខិតខំប្រឹងប្រែងជំរុញការងារ ត្រួតពិនិត្យផលិតផលថ្នាំជក់ ប្រកបដោយប្រសិទ្ធភាព។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា ចាប់តាំងពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាបន្តបន្ទាប់ ដូចជាអនុក្រឹត្យ ស្តីពី វិធានការហាមឃាត់ ការជាក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងធ្វើការ ឬកន្លែងសាធារណៈ អនុក្រឹត្យស្តីពីការបោះពុម្ភ សារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ហាមឃាត់ទាំងស្រុងចំពោះការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្តម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ដាក់វិធានការលើការតាំងលក់កញ្ចប់ផលិតផលថ្នាំជក់នៅកន្លែងលក់រាយ។
លោកបន្ដថា «ក្រសួងសុខាភិបាល បានរៀបចំយន្ដការអធិការកិច្ចផលិតផលថ្នាំជក់ផងដែរ។ លើសពីនេះទៀត ក្រសួងសុខាភិបាល បានសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ជំរុញគំនិតផ្តួចផ្ដើម ទីក្រុងគ្មានផ្សែងបារី ដោយលើកទឹកចិត្តទីក្រុង ស្រុក ខេត្ត បង្កើតជាបណ្តាញទីក្រុងគ្មានផ្សែងបារី និងការពារជំងឺមិនឆ្លងនៅទូទាំងប្រទេស អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ដើម្បីធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយ ដែលមិនមានផ្សែងបារី នៅឆ្នាំ២០២៥»។
សូមជម្រាបថា ទិវាពិភពលោកគ្មានថ្នាំជក់ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ចាប់តាំងឆ្នាំ១៩៨៧ ប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ៣១ ខែឧសភា ដើម្បីក្រើនរំលឹកដល់ប្រជាជនទាំងអស់ លើពិភពលោក អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបស់ផលិតផលជក់មកលើសុខភាព សេដ្ឋកិច្ច និងបរិស្ថាន និងអំពាវនាវដល់រដ្ឋភាគីទាំងអស់ និងដៃគូពាក់ព័ន្ធ រួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងការពារមនុស្សជំនាន់ក្រោយពីផលិតផលថ្នាំជក់៕ ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២១នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ប្ដេជ្ញាលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់»៕