(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៉ី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំគណប្រតិភូចូលរួមកិច្ចពិភាក្សាតុមូលនាព្រឹត្តិការណ៍ម៉ារ៉ាតុងវប្បធម៌ តាមប្រព័ន្ធវីដេអូ ដែលធ្វើឡើងក្រោមប្រធានបទ «តួនាទីនៃកម្លាំងនយោបាយប្រកបដោយការទទួលខុសត្រូវក្នុងការកសាងទំនាក់ទំនងអន្តរវប្បធម៌ដ៏មានប្រសិទ្ធភាព»

ការចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក អង់ដ្រេ ឃ្លីម៉ូវ អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការបរទេស នៃក្រុមប្រឹក្សាទូទៅគណបក្សរួបរួមរុស្ស៉ី។ ក្នុងកិច្ចពិភាក្សានេះផងដែរ ក៏មានការចូលរួមពីតំណាងគណបក្សនយោបាយ និងស្ថាប័នសំខាន់ៗចំរុះមានដូចជា លោក ចូ ប្យុងចេ (Cho Byung-jae) អគ្គលេខាធិការអង្គការ ICAPP លោកស្រី ស៊ូចាតា ខរ៉ាឡ៉ា (Sujata Koirala) សមាជិកសភានេប៉ាល់ តំណាងគណបក្ស Golkar ឥណ្ឌូនេស៉ី និងតំណាងមជ្ឈមណ្ឌលមូលនិធិឥណ្ឌាសម្រាប់អំណាចទន់។

ក្នុងសុន្ទរកថាថ្លែងទៅកាន់ថ្នាក់ដឹកនាំ វាគ្មិន អ្នកចូលរួម និងអ្នកទស្សនាតាមប្រព័ន្ធវីដេអូមកពីគ្រប់ទី្វបប្រមាណ ២,៥ ម៉ឺននាក់ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងវប្បធម៌នេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក៏ចំណោមព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ដើម្បីលើកកម្ពស់កិច្ចសន្ទនាខាងផ្នែកវប្បធម៌ និង ទទួលយកពិពិធភាពនៃវប្បធម៌រវាងគ្នា។ លោកស្រី បានគូសបញ្ជាក់បន្ថែមថា កិច្ចពិភាក្សានាថ្ងៃនេះ បានបន្ថែមនូវកម្រិតដ៏មានអត្ថន័យមួយទៀតទៅក្នុងភាពជាដៃគូសន្ទនាអាស៊ាន - រុស្ស៉ី។

ជាងនេះទៅទៀត លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសង្កត់ធ្ងន់ទៅលើមុខងារ ៤ នៃវប្បធម៌ដែលយើងជាសមាជិកសភា ក៏ដូចជាតំណាងគណបក្សនយោបាយគួរតែចាប់យក៖

១៖ វប្បធម៌ គឺជាប្រភពនៃសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
២៖ យើងទាំងអស់គ្នាទទួលស្គាល់ថា វប្បធម៌ គឺជាប្រភពសំខាន់នៃការអភិវឌ្ឍន៍ ព្រោះវាជាកត្តាជំរុញនៃវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច ដូចដែលបានលើកឡើងដោយអង្គការយូណេស្កូដែលសង្កត់ធ្ងន់ថា «គ្មានការអភិវឌ្ឍណាអាចស្ថិតស្ថេរបានទេ បើមិនរាប់បញ្ចូលវប្បធម៌»។ យើងត្រូវតែ ដាក់វប្បធម៌នៅក្នុងបេះដូងនៃគោលនយោបាយអភិវឌ្ឍន៍។
៣៖ គឺនវានុវត្តន៍។ ប្រជាជន គឺជាចំណុចស្នូលនៃនវានុវត្តន៍។ គំនិត គុណតម្លៃ និងអត្តសញ្ញាណ គឺជាចំណុចស្នូលនៃនវានុវត្តន៍ដោយផ្តោតលើមនុស្សជាស្នូល។

៤៖ គឺវប្បធម៌ជាប្រភពនៃភាពធន់មាំ។ នៅចំពោះមុខវិបត្តិ និងទុក្ខវេទនាជាច្រើនដែលបណ្តាលមកពីការរីករាលដាល នៃជំងឺរាតត្បាតពិភពលោកដែលមិនធ្លាប់មានពីមុនមក វប្បធម៌រឹតតែមានភាពសំខាន់ខ្លាំងឡើង។ វប្បធម៌ជួយយើងឱ្យមានភាពធន់មាំ ជាពិសេសតាមរយៈការអភិវឌ្ឍនៃអត្ថន័យ គុណតម្លៃ និងជំនឿ។

បន្ថែមពីលើនេះទៀត លោកស្រី បានលើកឡើងពីបញ្ហាតានតឹងដោយសារលទ្ធិគាំពារនិយម នយោបាយប្រជាភិថុត និងភាពជ្រុលនិយម ទៅលើសកលភាវូបនីយកម្ម និងពហុភាគីនិយម។ ជាមួយនឹងការលើកឡើងនេះ លោកស្រីបានអំពាវនាវអោយកំលាំងនយោបាយទាំងអស់ចាំបាច់ត្រូវរក្សា និងជំរុញនូវនិរន្តរភាពពហុភាគីនិយមលើគ្រប់វិស័យរាប់ចាប់តាំងពីសេដ្ឋកិច្ច សន្តិសុខ បរិស្ថាន រហូតដល់វប្បធម៌ ដែលជាក់ស្តែងពិតជាកម្លាំងមួយនៃការបង្រួបបង្រួមពិភពលោក។

ក្នុងកិច្ចពិភាក្សានេះ លោក សួស យ៉ារ៉ា ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ ដោយលោកបានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើត «របៀងវប្បធម៌» ទាំងក្នុង និងក្រៅតំបន់ ដើម្បីលើកកម្ពស់សន្តិភាព ភាពសុខដុម វិបុលភាពរួម និងវាសនារួមគ្នា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក អធ្យាស្រ័យគ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍ទៅវិញទៅមក។

លោក អង់ដ្រេ ឃ្លីម៉ូវ ក៏ដូចជាវាគ្មិនផ្សេងទៀត ដែលមកពីប្រទេសកូរ៉េ ឥណ្ឌូនេស៉ី និងឥណ្ឌា សុទ្ធតែបានចែករំលែកបទពិសោធន៍ និងគំនិតល្អៗ ដែលថា វប្បធម៌គឺជាកត្តាមួយមិនអាចខ្វះបានដែលជាគ្រឹះនៃសន្តិភាព និងវិបុលភាព។ វប្បធម៌គឺជាកម្លាំងបង្រួបបង្រួម និងផ្សារភ្ជាប់គ្នាជាពិសេសនៅក្នុងបរិបទអន្តរជាតិ និងគូប្រជែងភូមិសាស្ត្រនយោបាយ។

សូមជម្រាបដែរថា ពិធីបុណ្យម៉ារ៉ាតុងវប្បធម៌ ជាគម្រោងមួយរបស់សភាសហព័ន្ធរុស្ស៉ីនៃក្លឹបអ៊ឺរ៉ុប និង «កិច្ចសន្ទនាអ៊ីរ៉ាស៉ី» ដែលបានប្រព្រឹត្តិទៅតាំងពីឆ្នាំ ២០១៤ ដោយមានការគាំទ្រពីក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៉ី ក្រសួងការបរទេសនៃសហព័ន្ធរុស្ស៉ី ក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៉ី ទីភ្នាក់ងារសហព័ន្ធ «ROSSOTRUDNICHESTVO» ក្រោមការឧបត្ថម្ភពីអង្គការយូណេស្កូ។

វាជាប្រព័ន្ធមួយនៃព្រឹត្តិការណ៍សង្គមនិងវប្បធម៌ដែលទាក់ទងគ្នា ជាធម្មតាត្រូវបានអនុវត្តរៀងរាល់ ១-២ឆ្នាំម្តងក្នុងរយៈពេល ៣-៤ សប្តាហ៍នៅក្នុងតំបន់ផ្សេងៗនៃទ្វីបអ៊ឺរ៉ុប ចាប់ពីអាត្លង់តិករហូតដល់មហាសមុទ្រប៉ាស៉ីហ្វិក ក៏ដូចជានៅក្នុងប្រទេសមួយចំនួននៅអាស៉ី។ ភារកិច្ចចម្បងរបស់ពិធីនេះ គឺដើម្បីបង្រួបបង្រួមប្រជាជនដោយឈរលើមូលដ្ឋាននៃការគោរពចំពោះបេតិកភណ្ឌវប្បធម៌ពិភពលោក (នៅក្នុងន័យទូលំទូលាយនៃពាក្យ "វប្បធម៌") និងដើម្បីបង្កើតលំហវប្បធម៌តែមួយនៃទ្វីបអឺរ៉ាស៉ីដោយគ្មានឧបសគ្គរដ្ឋបាលសិប្បនិម្មិត ដែលក្នុងនោះវប្បធម៌នៃប្រជាជាតិនីមួយៗ ក្លាយជាផ្នែកមួយនៃនិមិត្តរូបទូទៅនៃវប្បធម៌មនុស្ស៕