(ភ្នំពេញ)៖ និស្សិតខ្មែរ ៣១នាក់ ដែលកំពុងសិក្សាថ្នាក់អាហារូបករណ៍នៅសាកលវិទ្យាល៍ជនជាតិខេត្តក្វាងស៊ី ខេត្តក្វាងស៊ី ប្រទេសចិន បានរៃអង្គាសថវិកាគ្នាបានជាង ២០០ដុល្លារ ជួយនិស្សិតខ្មែរម្នាក់ ដែលកើតជំងឺមហារីកគ្រាប់ឈាម និងជួបការលំបាកខ្លាំងក្នុងជីវភាព។
ថវិការបស់និស្សិតខ្មែរនៅប្រទេសចិន ដែលបានរៃអង្គាសគ្នានេះ មានចំនួនតិចតួច តែវាបានបង្ហាញពីព្រលឹង និងបេះដូងរបស់ខ្មែរថា ពួកគេស្រឡាញ់ និងចេះជួយយកអាសារគ្នានៅពេលមានទុក្ខលំបាក ទោះពួកគេនៅទីណាក៏ដោយ។
សូមបញ្ជាក់ថា និស្សិត ដែលកើតជំងឺមហារីកគ្រាប់ឈាមនេះ មានឈ្មោះ គីម ម៉េងហួរ អាយុ ២៤ឆ្នាំ។ គីម ម៉េងហួរ បានជាប់ អាហារូបករណ៍ខេត្តយូណាន ប្រទេសចិន កាលពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នកំពុងសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យា សាស្ត្រ នៃទីក្រុងគុនមីញ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។
បើតាមគ្រូពេទ្យ បានឲ្យដឹងថា គីម ម៉េងហួរ មានជំងឺខ្វះគោលិការឈាមក្រហម ដោយសារពាង្គកាយរបស់គាត់ មិនអាចផលិតគោលិ កាឈាមក្រហម ដោយខ្លួនឯងបាន គឺត្រូវការបញ្ចូលគោលិកាឈាមក្រហម ខណៈគោលិកាឈាមក្រហមរបស់គាត់ធ្លាក់ចុះនៅសល់ តែ ៣០%ប៉ុណ្ណោះ។ ជាងនេះទៀត ក្រលៀនទាំងពីររបស់គាត់ មិនអាចដំណើរការនោះទេ ទាមទារឲ្យប្រើម៉ាស៊ីន ដើម្បីលាងឈាម រាល់ថ្ងៃ ដែលមកទល់ពេលនេះមានរយៈពេល ០៩ថ្ងៃហើយ៕