(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាល និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់ មកពីឃុំចំនួន៣ ស្រុកកងមាស ខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាពដែលជីវភាពបងប្អូនកំពុងតែរង់លំបាកដោយ ការរាតត្បាតនៃជម្ងឺកូវីដ-១៩។
ជាមួយគ្នានោះដែរលោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកទាន់ពេលវេលាតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ទន្ទឹមនឹងនោះដែរ ខណៈពេលជំងឺកូវីដ-១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម លោកអភិបាលខេត្ត ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការ ការពារខ្លួន ជៀសឲ្យផុតពីការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះទាំង៣៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥គក្រ មី០១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ តង់០១ផ្ទាំង ឃីត១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត ២ និងថវិការ ក្នុង ០១គ្រួសារ ទទួលបានតាមកំរិត ក្នុងនោះ កំរិតធ្ងន់ចំនួន ០៦គ្រួសារ ទទួលបាន ៣០ម៉ឺនរៀល កំរិតមធ្យមចំនួន ៣២គ្រួសារ ទទួល២០ម៉ឺនរៀល៕