(ភ្នំពេញ)៖ លោកស្រី ជុំ សារ៉ុម ចៅសង្កាត់ស្វាយប៉ាក តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមផែនការសរុប (ដូសទី១) ចំនួន២៤៥២២នាក់ តែប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងជាក់ស្ដែងសម្រាប់ (ដូសទី២) ទើបតែមានចំនួន២៦១០នាក់ប៉ុណ្ណោះ ស្ថិតនៅមណ្ឌលចាក់វ៉ាក់សាំងសាលាបឋមសិក្សាចំរើនរដ្ឋ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បើគិតត្រឹមថ្ងៃទី០៩ ដល់រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
ជាមួយការបញ្ជាក់នេះ លោកស្រី ជុំ សារ៉ុម ចៅសង្កាត់ស្វាយប៉ាក សូមអំពាវនាវដល់បង-ប្អូនប្រជាពលរដ្ឋ ចំនួន២១៩១២នាក់ទៀត ដែលនៅសេសសល់ សូមអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសទី២) នៅទីតាំងមណ្ឌលចាក់វ៉ាក់សាំងសាលាបឋមសិក្សាចំរើនរដ្ឋ ដោយត្រូវភ្ជាប់មកជាមួយប័ណ្ណចាក់វ៉ាក់សាំងលើកទី២ ដែលមានកាលបរិឆ្ឆេទរួច និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ឬលិខិតឆ្លងដែន (Passport) ជាដើម។
លោកស្រីចៅសង្កាត់ស្វាយប៉ាក ក៏សូមសំណូមពរឱ្យប្រជាពលរដ្ឋ នៅពេលមកទទួលការចាក់វ៉ាក់សាំង សូមអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងស្ដាប់តាមការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឈានដល់ការកាត់ផ្ដាច់នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ «សហគមន៍២០កុម្ភៈ»៕