(ភ្នំពេញ)៖ អាជ្ញាធរក្រុងភ្នំពេញ នឹងចាប់ផ្តើមបំពាក់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ សាលារាជធានីភ្នំពេញ។
ការអនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចរាចរណ៍ខាងលើនេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៦ ខែមីនា រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០១៧ ក្នុងនោះមានការផ្លាស់ប្តូរស្លាកសញ្ញាចរាចរណ៍ចាស់ ហើយបំពាក់ភ្លើងសញ្ញាចរាចរណ៍ថ្មី ១០០ទីតាំង ការបំពាក់កាមេរ៉ាវីដេអូចាប់រូបភាពចលនាយានយន្ត ១៨៩គ្រឿង និង CCTV កាមេរ៉ា ២៦គ្រឿងសម្រាប់ ត្រួតពិនិត្យតាមដានស្ថានភាពចរាចរណ៍ នៅតាមចំណុចផ្លូវប្រសព្វនានា ក្នុងខណ្ឌដូណពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទទួលគោក ហើយក៏នឹងមានការសាងសង់មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងបញ្ជាចរាចរណ៍មួយកន្លែងផងដែរ នៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។
តំបន់អនុវត្តគម្រោងទាំងនេះ ស្ថិតនៅតាមដងផ្លូវ និងបែកខាងក្នុងនៃផ្លូវខ្សែក្រវ៉ាត់លេខ២៧១ ផ្លូវលេខ៥៩៨ ផ្លូវលេខ៣៣៧ ផ្លូវលេខ២៧៣ ផ្លូវលេខ៧០ វិថីព្រះស៊ីសុវត្ថិ មហាវិថីសម្តេចសុធារស និងមហាវិថីព្រះនរោត្តម ជាដើម។
សូមជំរាបថា ការអនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នៅរាជធានីខាងលើនេះ ត្រូវបានធ្វើឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕